(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានជម្រាបតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង លោក ឈាង វុន ថា ពួកគាត់នឹងមកចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានេះ​មិនខានឡើយ ដើម្បីជ្រើសរើសមេដឹកនាំ​តាមបែបលទ្ធិប្រជាធិបតេយ្យ។

ពលករនៅប្រទេសថៃ បានបញ្ជាក់ទៀតថា នេះជាឱកាស​នៅក្នុងការប្រើប្រាស់សិទ្ធិរបស់ពួកគាត់ យ៉ាងពេញលេញ​ដោយមិនចាញ់ការអូសទាញ របស់ជនអគតិមួយចំនួន ដែលបានអំពាវនាវមិនឲ្យពលរដ្ឋ ទៅបោះឆ្នោតនោះឡើយ។

ការលើកឡើងរបស់ប្រជាពលករខ្មែរ ​​បានធ្វើឡើងនៅក្នុងឱកាសលោក ឈាង វុន សមាជិករដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញចុះទៅសួរសុខទុក្ខ ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃដោយផ្ទាល់​ នៅចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ២០១៨នេះ និងបាន​នាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ​​ជូនចំពោះពលរដ្ឋខ្មែរទាំងអស់។

លោក ឈាង វុន បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ បានយកចិត្តទុកដាក់ ​និងគិតគូរជានិច្ចពីសុខទុក្ខពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង ពិសេសពលករខ្មែរ​នៅក្នុងប្រទេសថៃនេះ។ រដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញដល់រដ្ឋាភិបាលថៃ ក្នុងការថែរក្សា ​យកចិត្តទុកដាក់ដល់ពលករខ្មែរ ហើយប្រទេសទាំងពីរ បានកំពុងសហការគ្នាយ៉ាងល្អ ក្នុងការផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋខ្មែរ ដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃឲ្យស្របច្បាប់ ហើយទទួលបានអត្ថប្រយោជន៍នានាទៅតាមច្បាប់ការងាររបស់ប្រទេសថៃ។

សូមជម្រាបថា លោក ឈាង វុន ​ក្នុងនាមជាប្រធានក្រុមការងារពិសេស​ទំនាក់ទំនងផ្សារភ្ជាប់ពលករកម្ពុជា​នោះ បានដឹកនាំក្រុមការងារទៅជួបសំណេះសំណាល និងសួរសុខទុក្ខ​ពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ ពីថ្ងៃទី២៩ និង៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ហើយក្រុមការងារ បានជួបប្រជាពលករខ្មែរ ចំនួន១៧៥០នាក់ នៅនឹងកន្លែងចំនួន៤ផ្សេងគ្នា នៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលចំនួន៨០% នៃចំនួនពលករទាំងនេះ បានចេញពីខេត្តបាត់ដំបង។

តំណាងពលករខ្មែរទាំងអស់នោះ បានថ្លែងអំណរគុណ ដល់តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចុះមកជួបពួកគាត់ផ្ទាល់ និងសង្កត់ធ្ងន់ថា នៅថ្ងៃបោះឆ្នោតខាងមុខនេះ ពួកគេប្រាកដជានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសតំណាងរាស្រ្តល្អ ដែលគិតគូរពីសុខទុក្ខពលករ ពិសេសជ្រើសរើសមេដឹកនាំ ដែលបានលះបង់កម្លាំងកាយចិត្ត ជីវិតក្នុងការរំដោះប្រទេសជាតិ កសាងការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនរហូតសព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោក ឈាង វុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ដែលមានឆន្ទៈខ្ពស់ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនៅកម្ពុជា។ ​លោកបញ្ជាក់ថា ការបោះឆ្នោតជាការជ្រើសរើសមេដឹកនាំ តាមច្បាប់អន្តរជាតិ បែបប្រជាធិបតេយ្យ មិនមែនដូចអតីតគណបក្សសង្រ្គោះជាតិ ដែលមានចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមគម្រោងបដិវត្តន៍ពណ៌ ដើម្បីចង់ឡើងកាន់អំណាច​តាមបញ្ជារបស់បរទេសនោះឡើយ៕​