(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៧-២០១៨នេះ ក្រសួងអប់រំនៅតែរឹតបន្តឹងឲ្យខ្លាំងជាងឆ្នាំកន្លងទៅថែមទៀត ជាមួយនឹងអ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួចជាង៦ពាន់នាក់ និងខណៈមេប្រយោគជាង៣ម៉ឺននាក់។
ការថ្លែងបញ្ជាក់ថាយ៉ាងដូច្នេះរបស់លោក ហង់ ជួនណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ប្រឡងបាក់ឌុបឆ្នាំនេះ គឺមានការរឹតបន្តឹងចាប់ពីក្រៅមណ្ឌលប្រឡង ដល់ក្នុងមណ្ឌលប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនយកសំណៅឯកសារ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលមណ្ឌលប្រឡងឡើយ ប្រសិនរកឃើញបេក្ខជនអាចនឹងបានពិន្ទុសូន្យ។ ប្រសិនបើបេក្ខជនទទួលបានពិន្ទុសូន្យមួយមុខវិជ្ជា មានន័យថា គឺធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។
លោកបន្តថា ប្រសិនបេក្ខជនយកសំណៅឯកសារ សៀវភៅ ទូរស័ព្ទដៃ ប្រើប្រាស់ពាក្យសំដីមិនសមរម្យបង្កជម្លោះ ក្នុងមណ្ឌលប្រឡង គឺក្រសួងតម្រូវឲ្យបេក្ខជនធ្លាក់ដោយស្វ័យប្រវត្តិ។ លោករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់បេក្ខជនដែលត្រូវប្រឡងទាំងអស់ ត្រូវគោរពវិន័យប្រឡង។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចំពោះបុគ្គលិកអប់រំដែលជាអនុរក្ស ក៏ត្រូវមានការទទួលខុសត្រូវផងដែរ ប្រសិនបើពួកគាត់ប្រព្រឹត្តខុសត្រូវទទួលវិន័យទៅតាមកម្រិត គឺអាចត្រូវតែស្តីបន្ទោសផ្ទាល់មាត់ អាចត្រូវស្តីបន្ទោសជាលាយលក្ខណ៍អក្ស ឬ ឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌប្រសិន បើប្រព្រឹត្តកំហុសធ្ងន់ធរនោះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីអប់រំ បានបង្ហាញនូវក្តីពេញចិត្ត ចំពោះលទ្ធផលនៃកំណែទម្រង់ក្នុងវិស័យអបរ់ ដោយអះអាងសិស្សមានចំណេះដឹងខ្លាំងជាងមុន និងទទួលបានពិន្ទុ និងនិទ្ទេសល្អចេះតែកើតឡើងជារៀងរាល់ឆ្នាំផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងថា «ជារួមនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ យើងឃើញថា ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ ឆ្នាំទី១សិស្សបានយកសំណៅឯកសារចូល ឆ្នាំទី២យើងឃើញថា កាត់បន្ថយរហូតដល់ឆ្នាំកន្លងទៅនេះសឹងតែគ្មាន សំណៅឯកសារសោះតែម្តង។ អីចឹងយើងឃើញការវិវត្តន៍ជាវិជ្ជមាន»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «យើងរៀបចំប្រធានវិញ្ញាសារយ៉ាងម៉ត់ចត់ ដើម្បីបង្ហាញឲ្យឃើញថា យើងមិនបន្ធូរទេ។...ទោះបីជាយើងរឹតបន្តឹងក្តី អត្រាសិស្សដែលប្រឡងជាប់មានការកើតឡើង ពីជាង៤០ភាគរយនៅឆ្នាំទី១ រហូតដល់ជាង៦០ភាគរយ នៅពេលបច្ចុប្បន្ននេះ មានន័យថាសិស្សរៀនចេះជាងមុន»។
លោកបានថ្លែងថា សិស្សដែលអាចប្រឡងជាប់បាក់ឌុបបាន ត្រូវមានពិន្ទុចំនួន២៣៧ពិន្ទុ ៥០ភាគរយនៃពិន្ទុសរុប គឺជាប់មធ្យមភាគនិទ្ទេស E។
លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា នៅតាមបណ្ឌលប្រឡងក្រសួងអប់រំ នឹងដាក់ឲ្យមាននូវរថយន្តសង្គ្រោះបន្ទាប់ និងគ្រូពេទ្យនៅជាប្រចាំដើម្បីការពារខ្លាចក្រែងបេក្ខជន ឬក៏អនុរក្សក្នុងមណ្ឌលប្រឡងបានបញ្ហាសុខភាព។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ទាំងរយៈពេលសំណេរ និងរយៈពេលកំណែយើងត្រូវប្រើរយៈពេល១ខែ។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់សិស្សប្រឡងនៅរាជធានីភ្នំពេញ និងថ្ងៃទី១២ ខែកញ្ញា សម្រាប់សិស្សដែលប្រឡងនៅតាមបណ្តាខេត្ត។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សានុសិស្សប្រឡងចំនួន១១៧,០៦១នាក់ ចែកចេញជា២ក្រុមរួមមានថ្នាក់វិទ្យាសាស្ត្រចំនួន៥១.៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤៨.៣ភាគរយ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌលមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦មណ្ឌល៕