(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៨ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំសហការី នាំយកសម្ភារសិក្សា និងអាហារសម្រន់ មាន នំបញ្ចុក សំឡការី នំប៉័ង យកទៅចែកជូនក្មួយៗសិស្សានុសិស្ស សាលាអនុវិទ្យាល័យដូងប្រេងតានៃ ក្នុងស្រុកព្រៃនប់ ដើម្បីបានបរិភោគជួបជុំគ្នា បង្ហាញនូវសេចក្តីស្រឡាញ់នឹករលឹក។
កម្មវិធីនោះមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាលសិស្ស សរុបចំនួន៣០០នាក់។
សិស្សសាលាអនុវិទ្យាល័យដូងប្រេងតានៃ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានជួយឧបត្ថម្ភគាំទ្រ អស់រយៈពេលជាងបីឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរ ក្មួយៗសិស្សសាលាអនុវិទ្យាល័យដូងប្រេងតានៃ ដែលមានលំនៅឋានឆ្ងាយៗ ពីសាលារៀនជាច្រើនឆ្នាំកន្លងមក តែងតែបក់ដៃសុំរថយន្តធំៗ ជិះមកសាលារៀនទាំងទៅ និងមក។
ដោយឃើញពីការលំបាករបស់កូនក្មួយ ទាំងនោះ ជំហានដំបូង លោកស្នងការ បានជួលយានយន្ត២គ្រឿង ជាបណ្តោះអាសន្ន ដើម្បីដឹកសិស្សទាំងនោះ គឺ៖ រថយន្តមួយគ្រឿង បើកតាមផ្លូវគ្រួសក្រហមចូលទៅដឹកសិស្ស៣កន្លែងមានភូមិអន្លង់ក្រពើ នៅក្បែរជើងភ្នំកំចាយ ភូមិចំការដំឡូង និងភូមិមនោរម្យ។ រីឯរ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដឹកសិស្សនៅភូមិតាពៅ តាមផ្លូវជាតិលេខ៤។
ដោយមានការចូលរួមឧបត្ថម្ភថវិកាពីសប្បុរសជន នៅខែមករា ឆ្នាំ២០១៦ លោកស្នងការ ទិញបានរថយន្តកូរ៉េធុនធំមួយគ្រឿង រៀបចំបំពាក់កៅអីសម្រាប់ដឹកជញ្ជូនសិស្ស បីភូមិមានអន្លង់ក្រពើ ចំការដំឡូង និងភូមិមនោរម្យ រហូតមកដល់បច្ចុប្បន្ន។
ដោយជួលមន្ត្រីចូលនិវត្តន៍ម្នាក់ បើកបរជាប្រចាំ ថ្លៃឈ្នួលប្រចាំខែ ចំនួន៥០ម៉ឺនរៀល និងចំណាយប្រេងអស់ចំនួន៦០០លីត្រ ក្នុងមួយខែ លោកឧកញ៉ា ទៀ វិចិត្រ ជាអ្នកឧបត្ថម្ភប្រេង និងជួលរ៉ឺម៉កម៉ូតូមួយគ្រឿងតម្លៃ៦០ ម៉ឺនរៀលក្នុង១ខែ។
មានមតិសំណេះសំណាលជាមួយកូនសិស្សានុសិស្ស នាពេលនោះ លោកឧត្តមសេនីយ៍ស្នងការបាន ផ្តាំផ្ញើឲ្យកូនក្មួយទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់បង្គាប់ការ ទូន្មានរបស់ឪពុកម្ដាយ និងលោកគ្រូអ្នកគ្រូ និងចៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន និងគ្រឿងអបាយមុខផ្សេងៗទាំងឡាយ ធ្វើខ្លួនឲ្យក្លាយជាពលរដ្ឋល្អ សាកសមជាអ្នកបន្តវេន ទៅថ្ងៃអនាគត។
ក្នុងឱកាសនោះដែរ លោកស្នងការ បានចែកជូនថវិកាដល់សិស្សចំនួន១៨២នាក់ ក្នុងម្នាក់ៗទទួលបាន៥.០០០រៀល លោកគ្រូអ្នកគ្រូចំនួន១១នាក់ក្នុងម្នាក់ៗទទួលបាន៥០.០០០រៀល និង អ្នកអាណាព្យាបាលសិស្ស ចំនួន៧០នាក់ ក្នុងម្នាក់ៗ ទទួលបាន២.០០០០ រៀលផងដែរ៕