(ព្រះសីហនុ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធក្លោងទ្វារ និងអគារសាលប្រជុំដែលទើបនឹងសាងសង់ថ្មី របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់។
របាយការណ៍ស្វាគមន៍ ដែលអានដោយលោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា អគារសាលប្រជុំនេះ មានទំហំ៨,៣០ម៉ែត្រ គុណ ១៥ម៉ែត្រ បានដំណើរការសាងសង់ តាំងពីខែមីនា ឆ្នាំ២០១៨ ចំណាយថវិកាអស់ប្រមាណ២៨.៦៣៥$។
ខ្លោងទ្វារ ប៉ុស្តិ៍យាម និងរបងចំណាយថវិកាអស់ចំនួន៦៥៦០$ និងអគារនគរបាលព្រហ្មទណ្ឌទំហំ៨,១០ម៉ែត្រគុណ ៨,១០ម៉ែត្រ ចំណាយថវិកាអស់ប្រមាណ១៥.៨០០$។ ថវិកាដែល ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អំពាវនាវបានពីការចូលរួមសប្បរសជន និងលោកអធិការរងស្រុកព្រៃនប់ ហួរ យ៉ៃចូលរួម។
ក្នុងកម្មវិធីនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រកាសតែងតាំងអធិការរងមួយរូប ទទួលការងារកិច្ចការប៉ុស្តិ៍រដ្ឋបាល និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំរាមមួយរូបផងដែរ។
ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានរួមគ្នាបំពេញការងារបម្រើជូនប្រជាពលរដ្ឋបានល្អ។ លោកស្នងការ បានបញ្ជាក់បន្ថែម សូមនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវរួមគ្នាខិតខំ អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឲ្យបានល្អ ជាប់ជាប្រចាំ។
បន្ទាប់មកលោកស្នងការ បានធ្វើការបែងចែកសម្ភារប្រើប្រាស់មាន៖
*ខែលចំនួន៥០
*ដំបងឆក់៤៥ដើម
*ដំបងប្រឆាំងបាតុកម្ម៤៥ដើម
*ឯកសណ្ឋានប្រយុទ្ធការពារបាតុកម្ម៤៥កំប្លេ
*មួកការពារ៤៥មួក
*អាវភ្លៀងចំនួន១១៥កំប្លេ
*អង្ករចំនួន៦៦បាវ និងស្រាបៀរចំនួន១២១កេស ចែកជូនដល់គ្រប់អធិការដ្ឋាននគរបាលស្រុកទាំងបី មាន ព្រៃនប់ កំពង់សិលា និងស្រុកស្ទឹងហាវ ដើម្បីធ្វើការការបែងចែកបន្តដល់គ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលនានា យកទៅប្រើប្រាស់ផងដែរ៕