(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាសមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ, លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម រួមទាំងលោក លោកស្រី សមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យឆេះអស់១០ខ្នងផ្ទះ ស្មើនឹង១៦គ្រួសារ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ក្នុងឱកាសនោះ លោក ប៉ា សុជាតិវង្ស បានផ្តាំផ្ញើការសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបបញ្ហារងគ្រោះអគ្គិភ័យ។

បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន១៦គ្រួសារ ដែរត្រូវអគ្គិភ័យបានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចជាទ្រព្យសម្បត្តិអស់រលីងពីខ្លួន។ តែទោះបីជាយ៉ាងណាក៏ដោយ យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាព ឲ្យកាន់តែប្រសើរឡើងជាងនេះទៀត។

លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំឲ្យអាជ្ញាធរ មូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ព៍ន្ធដូចជា៖ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីឲ្យគ្រួសារទាំង១៦គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត។

ក្នុងនោះដែរ លោកប្រធាន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំឲ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលាដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទូកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»។

អំណោយដែលត្រូវ សាខារាជធានីភ្នំពេញផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូ, មី១កេស, ទឹកបរិសុទ្ធ១កេស, តង់១, តែ៥កញ្ចប់, ស្កសរ៣គីឡូក្រាម, ចានស្រាក់១, ចង្ក្រានហ្គាស១, បំពង់ទឹកក្ដៅ១, ខ្ទះឆា១, ចានបាយ ចានសម្ល ចានចង្កឹះ កែវ វែកបាយ វែកសម្ល ស្លាព្រា សម ១ឈុត, ឆ្នាំងតូច-ធំ១ ធុងទឹកកក១, ខ្នើយ១, កញ្ច្រែងជ័រ ១,ថាសជ័រ១, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, រួមទាំងថវិកាចំនួន១០ម៉ឺនរៀល៕