(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍គង្គាផុស ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ចំនួនជាង៤០០គ្រួសារ ស្មើនឹង៤០២ក្បាលដី ត្រូវបានអភិបាលរាជធានីភ្នំពេញ ប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូន ក្រោយប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រទានកម្មសិទ្ធិដីធ្លីជូន តាមរយៈសាលារាជធានីភ្នំពេញ ក្រោយពីរស់នៅគ្មានប័ណ្ណកម្មសិទ្ធិ ជិត២០ឆ្នាំកន្លងមកនេះ។ ការប្រគល់ជូននេះបានធ្វើឡើងនារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់ និងសូយោដី រាជធានីភ្នំពេញ បានលើកឡើងថា គម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី រាជធានីភ្នំពេញ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ន គម្រោងចុះបញ្ជីដីធ្លីបាន ៦០សង្កាត់ ក្នុងរាជធានីភ្នំពេញ។

លោកបន្តថា ការប្រទានកម្មនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺប្រទានកម្មឲ្យទាំងអស់តែម្តង ពោលគឺទាំងប្រថាប់ត្រា បង់ព័ន្ធអន្តរក្រសួង និងការបង់ព័ន្ធ មួយម៉ែត្រការ៉េ ចំនួន៥០០រៀល ក៏រដ្ឋជាអ្នកបង់ជូនផងដែរ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា «យើងមកនេះ គឺមកជួយប្រជាពលរដ្ឋមិនមែនមកបោកប្រាស់ទេ ដោយឃើញការ លំបាករបស់ប្រជាពលរដ្ឋទើបសម្តេច សម្រេចប្រទានកម្មជូនបងប្អូនប្រជាពលរដ្ឋតែម្តង លើផ្ទៃដី២ហិកតាកន្លះ នៅសហគមន៍គង្គាផុសសង្កាត់ទួលសង្កែ២នេះ»។

លោកអភិបាលថា បុរីខ្លះបំបែកក្បាលដី ហើយមិនចែកទេ ទុកនៅធនាគារ ដោយមិនបានប្រគល់មកឲ្យបងប្អូន ដែលធ្វើឲ្យការស្នាក់នៅមិនស្របច្បាប់ ដែលបញ្ហានេះ មានច្រើននៅតាមបុរី ហើយបញ្ហានេះមួយចំនួន ត្រូវបានរដ្ឋបាលរាជធានី ដោះស្រាយបានមួយចំនួនហើយ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីដែនដី ត្រូវធ្វើទាំងថ្ងៃសោរ៍ អាទិត្យ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋឲ្យបានលឿន ជៀសវាងទុកយូរកើតជាបញ្ហាលាប់។ លោកបន្តថា យើងបានបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋហើយ នៅតែបងប្អូនត្រូវជួយមកពួកយើងខ្ញុំវិញ បងប្អូនធ្វើបុណ្យចង់បានបុណ្យ ឯយើងខ្ញុំធ្វើបុណ្យ ក៏ចង់បានបុណ្យដែរ ។ ដូច្នេះកុំភ្លេចទៅបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ។

លោកថា បងប្អូននៅតំបន់នេះ ពិតជាបានរកស៊ីស្រួលណាស់ ពិសេសការយកក្រណាត់ពីរោងចក្រមកកាន់ដេរនៅតាមផ្ទះ រួចហើយបញ្ជូនសំលៀកបំពាក់នេះ ទៅរោងចក្រឬទីផ្សារវិញ ដើម្បីយកលុយមកទ្រទ្រង់គ្រួសារ បានធូធារ។ នេះសុទ្ធតែសមិទ្ធផល របស់សម្តេចតេជោ ហ៊ុន សែន ដែលជួយឲ្យបងប្អូនមានឱកាស ក្នុងការប្រកបមុខរបររកស៊ី ទទួលទានបានស្រួល ពិសេសគឺប្រទេសយើង មានសន្តិភាពពេញបូរិបូរណ៍នៅទូទាំងប្រទេស៕