Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានីយ៍ចែកចាយប្រេងឥន្ទនៈមួយចំនួន នៅក្នុងខេត្តតាកែវ លក់សាំងធម្មតា និងសាំងស៊ុបពែ ក្នុងតម្លៃមិនត្រឹមត្រូវ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល

02-07-2018 17:24

(តាកែវ)៖ នៅក្នុងការចុះត្រួតពិនិត្យរបស់សាខាកាំកុងត្រូលខេត្តតាកែវ នៅតាមបណ្តាស្ថានីយ៍លក់ និងចែកចាយប្រេងឥន្ធនៈមួយចំនួននៅក្នុងខេត្តតាកែវ បានរកឃើញ ស្ថានីយ៍ចែកចាយប្រេង ឥន្ទនៈមួយចំនួន បានលក់ប្រេងសាំងធម្មតា និងប្រេងសាំងស៊ុបពែខុសពីតម្លៃ ទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ កន្លងមក និងតាមសេចក្តីសម្រេច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា នៅក្នុងចំណោមស្ថានីយ៍ប្រេងឥន្ទនៈចំនួន១៧ នៅក្នុងខេត្តតាកែវ ដែលមន្រ្តីកាំកុងត្រូល ចុះត្រួតពិនិត្យបានរកឃើញថា មានស្ថានីយ៍ចែកចាយប្រេងឥន្ទនៈចំនួន៦ លក់ប្រេងសាំងធម្មតាក្នុងតម្លៃ៤១០០រៀល លើសចំនួន១៥០រៀល ខុសពីការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឲ្យលក់ចំនួន៣៩៥០រៀល រីឯសាំងស៊ុបពែមានស្ថាននីយ៍ប្រេងឥន្ទនៈចំនួន៧គឺស្ថានីយ៍ PTT និង Tela បានលក់ក្នុងតម្លៃ៤៣០០រៀល លើសចំនួន១០០រៀល ។ ដោយឡែក ចំពោះប្រេងម៉ាស៊ូត គឺគ្រប់ស្ថានីយ៍ទាំងអស់ បានលក់ត្រឹមត្រូវទៅតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបន្ថែមថា បន្ទាប់ពីបានរកឃើញមានស្ថានីយ៍ចែកចាយប្រេងឥន្ទនៈមួយចំនួន លក់ក្នុងតម្លៃមិនត្រូវតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មន្រ្តីកាំកុងត្រូល បានធ្វើការណែនាំដល់ម្ចាស់ស្ថានីយ៍ទាំងអស់នោះ ឲ្យចូលរួមសហការណ៍អនុវត្តន៍តាម គោលការណ៍ នៃសេចក្ដីប្រកាសរបស់ក្រសួង ហើយម្ចាស់ស្ថានីយ៍ទាំងអស់នោះ បានយល់ព្រមលក់ក្នុងតម្លៃដែលក្រសួងបានជូនដំណឹងផងដែរ៕