(បាត់ដំបង)៖ តំណាងរាស្រ្តមណ្ឌលបាត់ដំបង បានប្រាប់ប្រជាពលរដ្ឋទាំងអស់ ក្នុងឃុំកំពង់ព្រៀង នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះថា ក្នុងប្រវត្តិសាស្រ្តខ្មែរ បើមានមេអ្នកនយោបាយដឹកនាំ មិនល្អ គឺនាំឲ្យប្រទេសជាតិមានសង្រ្គាម វឹកវរ បែកបាក់សាមគ្គី បាត់ទឹកដី តែបើមានមេអ្នកនយោបាយដឹកនាំតាមផ្លូវត្រូវល្អ គឺនាំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងអភិវឌ្ឍន៍ គិតពីប្រយោជន៍រាស្រ្ត ជាធំទើបទទួលមកវិញនូវសន្តិភាពគង់វង្សយូរអង្វែង។

នេះជាការលើកឡើងរបស់លោក ឡោក ហ៊ួរ ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋចំនួន១,២០០នាក់ មកពី៦ភូមិ ក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកតំណាងរាស្រ្ត បានថ្លែងឲ្យដឹងថា មានតែការរួបរួមសាមគ្គីគ្នាខ្មែរតែមួយទេ ទើបប្រទេសជាតិរស់នៅបានសុខសន្តិភាព ដោយមិនស្ថិតនៅក្រោមពីការត្រួតត្រាពីបរទេសណាមួយឡើយ។ បើយើងតាមប្រវត្តិសាស្រ្តខ្មែរ ប៉ុន្មានទស្សវត្សកន្លងមកនេះ គឺប្រជាពលរដ្ឋរស់នៅមិនដែលបានសុខម្តងណាឡើយ ដោយសារតែអ្នកនយោបាយទាំងនោះស្រឡាញ់អំណាច ជាងស្រឡាញ់ប្រពលរដ្ឋខ្លួនឯង នាពេលចុងក្រោយនេះ មានតែគណបក្សប្រជាជនមួយគត់ ដែលបានស្រោចស្រង់ជាតិរួចផុតពីភ្លើងសង្រ្គាម ឈប់បែកបាក់គ្រួសារ ប្រជាពលរដ្ឋ មានសិទ្ធសេរីភាពមានឱកាសប្រកប មុខរបររៀងៗខ្លួនដោយសុខសាន្តដល់បច្ចុប្បន្ន។

អ្នកតំណាងរាស្រ្តបានបញ្ជាក់ថា គណបក្សប្រជាជន មិនមែនបញ្ចប់សង្រ្គាមដោយសារចុងកាណុងកាំភ្លើងនោះទេ គឺមានសម្តេចជោ ហ៊ុន សែន ជាអ្នកចរចាស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមដោយចុងប៊ិច ក្រោមគោលនយោបាយឈ្នះឈ្នះ ខ្មែរស្ថិតក្រោមដំបូលតែមួយ ខំប្រឹងកសាងជាតិរហូតមានការអភិវឌ្ឍន៍ និងប្រឆាំងដាច់ខាតមិនឲ្យមានសង្រ្គាមនៅកម្ពុជាជាដាច់ខាត តែពួកជនអគតិប្រឆាំងផ្កាប់ មុខបានព្យាយាមរៀបចំធ្វើគម្រោងធ្វើបដិវត្តន៍ពណ៌តាមរយៈនាំកម្លាំងមហាជន តែត្រូវបរាជ័យទាំងស្រុងរហូតដល់រំលាយបក្សប្រឆាំងដោយតុលាការកំពូលទៀតផង។

លោកបានបន្តថា រីឯគណបក្សប្រជាជនវិញ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋានបានរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋរហូតមក បានខិតខំជួយដោះស្រាយកង្វល់ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈក្រុមការងារពង្រឹងមូលដ្ឋានឃុំ តាមបម្រើប្រជាពលរដ្ឋជាប្រចាំ បានកសាងសមិទ្ធិផលលើគ្រប់វិស័យជាច្រើន រាប់មិនអស់ មិនតែប៉ុណ្ណោះក្រុមការងារ នៅតែបន្តបម្រើប្រជាពលរដ្ឋជាប្រចាំគ្រប់កាលៈទេសៈទើបសមជាអ្នកបម្រើរាស្រ្តពិតប្រាកដ។ ចុះពួកជនអគតិក្រុមប្រឆាំងវិញនោះបានធ្វើអ្វីខ្លះ? ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រៅពីការបោកប្រាស់ ញុះញង់ប្រជាពលរដ្ឋ ដើម្បីមហិច្ឆិតាចង់បានអំណាចរបស់បក្សពួកខ្លួនប៉ុណ្ណោះ។

គណបក្សប្រជាជន បានធ្វើអំពើល្អគ្រប់បែបយ៉ាង បានបម្រើរាស្រ្តជាក់ស្តែងពិតប្រាកដកន្លងមក ក៏ដូចជា បច្ចុប្បន្ន អ្នកតំណាងរាស្រ្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ពិសេសបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជាតិយើង។ ក្នុងឱកាសនោះដែរលោកប្រធាន បានដោះស្រាយតាមសំណូមពរប្រជាពលរដ្ខធ្វើប្រឡាយទឹក១ខ្សែប្រវែង៥,២០០ម៉ែត្រសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សានេះផងដែរ។

ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណ ដល់លោកប្រធានក្រុមការងារ ដែលតែងជួយដោះស្រាយរាល់សំណូមពរ និងបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋបានទាន់ ពេលវេលាកន្លងមក ហើយពលរដ្ឋទាំងអស់បានប្តេជ្ញាចិត្តថា បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីដឹកនាំប្រទេសមានការអភិវឌ្ឍន៍ខ្លាំងជាងមុន និងមានសន្តិភាពរៀងរហូតតទៅ៕