(ភ្នំពេញ)៖ នៅទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ រួមជាមួយព្រះគ្រូចៅអធិការវត្តព្រះធាតុ អភិបាលរង មន្ត្រីរាជការខណ្ឌ-សង្កាត់-ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៥០គ្រួសារ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានពាំនាំការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងបានគិតគូរ និងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសចំពោះបងប្អូនក្រីក្រ ជួបការលំបាក ទុរគតជន ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់បងប្អូន ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។
លោកប្រធានកិត្តិយស ក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំតស៊ូរំដោះប្រទេសពីរ បបប្រល័យពូជសាសន៍ អភិវឌ្ឍន៍ជាតិ ឱ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព។
ជាមួយគ្នាក៏បានផ្តាំផ្ញើរឱ្យបងប្អូនទាំងអស់ ពិសេសលោកតាលោកយាយ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យការរស់នៅ ដើម្បីរស់នៅបានយូរអង្វែងមើលការអភិវឌ្ឍន៍រីកចម្រើនរបស់ជាតិយើងបន្តទៀត និងសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំដែលល្អ ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ទៅមុខទៀត។
អំណោយដែលត្រូវបានចែកជូនរួមមានក្នុង០១គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម, បំពង់ទឹកក្តៅ១, កំសៀវ០១ គ្រឿងឧបភោគបរិភោគ១កញ្ចប់ និងថវិកាចំនួន៣ម៉ឺនរៀលផងដែរ៕