(ភ្នំពេញ)៖ លោក ហ៊ូ ហ្សេងយូ (HU Zhengyue) អនុប្រធានសមាគមកិច្ចការទូត និងអតីតអនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ជំហរថា ប្រទេសចិន នឹងគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា ឱ្យកាន់អំណាចជារៀងរហូត។ នេះបើតាម លោក សុខ សុរត្ន័វឌ្ឍនៈ ជំនួយការឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ការបញ្ជាក់របស់ លោក សុខ សុរត្ន័វឌ្ឍនៈ បានធ្វើឡើងក្រោយពីបញ្ចប់ជំនួបពិភាក្សាការងាររវាង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោក ហ៊ូ ហ្សេងយូ (HU Zhengyue) និងមានការអញ្ជើញចូលរួមពីសំណាក់លោក ស្យុង បូ ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអតីតមន្ត្រីទូត នៅវិមានមិត្តភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ក្នុងរយៈពេល៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យទាំងអស់។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ត្រូវបានលើកកម្ពស់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងពីខែធ្នូ ឆ្នាំ២០១០ មកម្ល៉េះ។
ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន មានប្រវត្តិយូរលង់មកណាស់ហើយ ដែលត្រូវបានកសាងឡើងដោយ អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងថ្នាក់ដឹកនាំកំពូលចិន ពីមុនមករហូតមកដល់ ព្រះមហាក្សត្រ បច្ចុប្បន្ននេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ លើគ្រប់វិស័យដល់កម្ពុជា តាមរយៈជំនួយឥតសំណង ហិរញ្ញប្បទានជាកម្ចីអត់ការប្រាក់ ឬការប្រាក់ទាប។ ការវិនិយោគយ៉ាងច្រើន ជាពិសេសបានកសាងផ្លូវជាតិជិត៣ពាន់គីឡូម៉ែត្រ និងស្ពានចំនួន០៧ នៅទូទាំងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង ក៏បានជួយកម្ពុជា ក៏ដូចជាប្រទេសតាមដងទន្លេមេគង្គយ៉ាងច្រើនផងដែរ។ មកដល់ឆ្នាំ២០១៧ វិនិយោគរបស់សាធារណរដ្ឋប្រជាមានិតចិន មានចំនួនជាង១៦ពាន់លានដុល្លារអាមេរិក ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវារីអគ្គីសនី។ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភរបស់ចិនបានទេ។ ការកសាងផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប ក្នុងពេលនេះ ក៏ជាការអនុវត្តនៃគំនិតផ្តួចផ្តើមនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែរ ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់ លោកប្រធានាធិបតី ស៊ី ជីងពីន (XI Jinping)៕