(ភ្នំពេញ)៖ ក្រុមការងារបណ្ដាញសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឃន៍ ខណ្ឌឬស្សីកែវ ប្រមាណ១៨៦នាក់ នៅថ្ងៃអាទិត្យ៤រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ បានទទួលវគ្គបណ្តុះបណ្តាលឲ្យយល់ដឹងអំពីតួនាទី ភារកិច្ចនៃអ្នកសង្កេតការណ៍ ដើម្បីត្រៀមខ្លួនសង្កេតការតាមបណ្ដាការិយាល័យបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ពីលោក លីន ញ៉ក់ សមាជិកអចន្ត្រៃគណបក្សខណ្ឌ និងលោកស្រី អាន ផល្លា អនុសាខាសមាគមនារីកម្ពុជាខណ្ឌ តំណាងលោក ជា ពិសី ប្រធានគណៈចលនាមហាជន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ លោក លីន ញ៉ក់ និងលោកស្រី អាន ផល្លា បានលើកឡើង ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា «គ.ជ.ប» ដូច្នេះ ក្រុមការងារទទួលវគ្គបណ្ដុះបណ្ដាលនេះ ចាំបាច់ត្រូវយកចិត្តទុកដាក់ ពាក់ព័ន្ធនិងបច្ចេកទេសមួយចំនួន នៃនីតិវិធីរបស់អ្នកសង្កេតការ តាមបណ្ដាការិយាល័យបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងជាដើម ដើម្បីឲ្យមានភាពល្អប្រសើរ និងជោគជ័យ៕