(ភ្នំពេញ)៖ តាមរយៈលោក ជា ពិសី អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឬស្សីកែវ និងមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ជាពិសេសលោក ឃួង ស្រេង ប្រធានគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋចំនួន៤០២គ្រួសារ រស់នៅក្នុងសហគមន៍ភូមិគង្កាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ សូមថ្លែងនូវ មនោសញ្ចេតនាគោរពដឹងគុណ នឹងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលជានិច្ចកាលតែងយកអស់កន្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ក្នុងកិច្ចការដឹកនាំប្រទេសជាតិប្រកបដោយគតិបណ្ឌិត ទទួលបានជោគជ័យធំធេងជាបន្តបន្ទាប់ ដោយរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាព សុវត្ថិភាពពេញលេញ រក្សាបានកំណើន សេដ្ឋកិច្ចជាតិខ្ពស់ កសាងសមិទ្ធផលថ្មីៗជាច្រើន ធ្វើឲ្យមានការអភិវឌ្ឃន៍លើគ្រប់វិស័យ ដូចជា វិស័យដីធ្លីដែលមានគោលនយោបាយច្បាស់លាស់ ដើម្បីកាត់បន្ថយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋ អាចទទួលបានសិទ្ធិជាកម្មសិទ្ធិស្របច្បាប់។

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ​ស្រេង បានចុះទៅចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគាត់ទាំងជាង៤០០គ្រួសារផ្ទាល់ ក្រោមស្នាមញញឹមមិនដាច់នោះឡើយ ចំពោះការជួយអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល។

ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ជាមួយនិងការសម្របសម្រួលពន្ធដារ ជាកត្តាសត្យានុម័តមួយ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពរស់នៅកាន់តែប្រសើរឡើង។

ការគោរពថ្លែងអំណរគុណ និងដឹងគុណរបស់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍ភូមិគង្កាផុសជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់បច្ចុប្បន្ន មានសិទ្ធិពេញលេញជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដី និងលំនៅដ្ឋានដែលកំពុងរស់នៅសព្វថ្ងៃ តាមរយៈសម្ដេចតេជោ ហ៊ុន សែន ដែលបានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ធ្វើការសម្របសម្រួលជាមួយសម្ដេច ចក្រពង្ស ដែលជាម្ចាស់កម្មសិទ្ធិដើម ក្នុងការឯកភាពលុបប័ណ្ណកម្មសិទ្ធិដើម និងធ្វើប័ណ្ណកម្មសិទ្ធិថ្មី ជូនប្រជាបលរដ្ឋទាំងអស់គ្នាដោយឥតគិតថ្លៃ ជាពិសេសទួលបានការអនុគ្រោះពន្ធ ដែលត្រូវបង់តែមួយលើកចុងក្រោយថែមទៀត។

ប្រជាពលរដ្ឋទាំងអស់បានប្រកាសនូវការប្តេជ្ញាចិត្តថា ពួកគេនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីបន្តសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៦ទៀត និងអាណត្តិក្រោយៗទៀត៕