(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃចន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ នឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន។

កម្មវិធីនេះនឹងធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន ក៏ដូចជាអ្នកវិនិយោគធំរបស់កម្ពុជា និងចិនជាច្រើនរូបទៀត។

ទំនាក់ទំនងផ្លូវការកម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ពោល ៥ឆ្នាំក្រោយពេលកម្ពុជា ដណ្តើមបានឯករាជពីប្រទេសបារាំង។ ទំនាក់ទំនងបានធ្វើឡើងរយៈពេលតែ ៣ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះបរមរតនកោដ្ឋ ព្រះកុរណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីចិន លោក ចូវ អ៉ីនឡាយ នៅក្នុងទីក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ក្នុងពេលចូលរួមសន្និសីទមិនចូលបក្សសម្ព័ន្ធនាខែមេសា ឆ្នាំ១៩៥៥។

ចំណងទាក់ទងការទូតរយៈពេលជាងពាក់កណ្តាលសតវត្សរ៍កន្លងមកនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗរបស់ប្រទេសកម្ពុជា និងចិន ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយឥតឈប់ឈរ។ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយគ្នាលើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបានសមិទ្ធផលយ៉ាងច្រើនទៀតផង ។

សម្តេច នរោត្តម សីហនុ ស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន គឺជាមិត្តភក្តិដ៏ស្និទ្ធស្នាលបំផុតរបស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ចិន ជាច្រើនរូបសុទ្ធតែបានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយនឹង ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេចបាន ក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាពរវាងប្រទេសកម្ពុជា និងចិន។ ជាច្រើនទសវត្សរ៍កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិន ព្រមទាំងបានគង់ប្រថាប់ក្នុងប្រទេសចិនអស់រយៈពេលជាយូរផងដែរ។ បើទោះបីស្ថាបនិកទំនាក់ទំនងកម្ពុជា-ចិន ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ បានសោយទិវង្គតលើទឹកដីមិត្តចិន នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ទៅហើយក្តី តែទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានគេលើកឡើងថា ជាទំនាក់ទំនងស្អិតល្មួតចាក់ទឹកមិនលិចនេះ នៅតែបន្តតាមព្រះរាជតម្រិះរបស់សម្តេច សីហនុ តរៀងមក។

សូមរំលឹកថា រដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្តើមធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ១៩៩៧ ជាពិសេសក្រោយពេលមានដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលប្រសិទ្ធនាមថាបុរសខ្លាំងកម្ពុជា ទៅកាន់ប្រទេសចិន ក្នុងឆ្នាំ១៩៩៩។

ផ្តើមចេញពីដំណើរទស្សនកិច្ចនេះ រាជរដ្ឋាភិបាលកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាដៃគូសហប្រតិបត្តិការដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា-ចិន តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។ នៅខែធ្នូ ឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។

ការប្រាស្រ័យទាក់ទងគ្នាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរលើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នាគាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ។

តាមរយៈទំនាក់ទំនងជាងកន្លះសតវត្សរ៍នេះ ប្រទេសទាំងពីរកម្ពុជា-ចិន ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភពនៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ២០១៦ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤,៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និង នាំចូល ៣,៩០០លានដុល្លារ។ ឆ្នាំ២០១៧ ប្រទេសកម្ពុជា និងចិន មានទំហំពាណិជ្ជកម្មសរុបជាង ៥ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅចិន មានទឹកប្រាក់ចំនួនជាង ៦៣៣លានដុល្លារ រីឯប្រទេសចិននាំចូលមកកម្ពុជាវិញ មានទឹកប្រាក់ជាង ៤,៤៨០លានដុល្លារអាមេរិក។

ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០១៨ ការវិនិយោគចិននៅកម្ពុជា មានទឹកប្រាក់សរុបប្រមាណ ១៧ ប៊ីលានដុល្លារអាមេរិក។ 

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ ត្រូវពង្រីកដោយឥតឈប់ឈរ។ ចំនួនភ្ញៀវទេសចរចិនក្នុងឆ្នាំ២០១៦ បានកើនឡើងដល់ ៨៣ម៉ឺននាក់ ហើយបើគិតត្រឹមខែសីហា ឆ្នាំ២០១៧ ភ្ញៀវទេសចរចិន មានរហូតដល់ជាង ១លាននាក់។ ជារៀងរាល់ថ្ងៃមានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមករវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះមានទីក្រុងរបស់ប្រទេសចិនជាង១០ ដែលមានជើងហោះហើរមកកាន់កម្ពុជាដោយផ្ទាល់។

ក្នុងទំនាក់ទំនងដ៏ស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន រដ្ឋាភិបាលចិន បានផ្តល់ប្រាក់កម្ចីសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានជាច្រើនខ្សែផងដែរ។ របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន បានសាងសង់រួចមានចំនួន ២៣ខ្សែ មាប្រវែងសរុប ២,៣០១គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១,៣០០លានដុល្លារអាមេរិក។

គម្រោងកំពុងសាងសង់មានចំនួន ០៦ខ្សែ មានប្រវែងប្រមាណ៦០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ៤៩០លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ក្នុងឆ្នាំ២០១៨នេះ មានចំនួន ០២គម្រោង គឺគម្រោងផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងសុរប ១៨៧គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៤៨៣លានដុល្លារអាមេរិក ។

ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ០៧ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងស្ពានកំពុងសាងសងចំនួន០១ គឺស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្នា។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសហ ប្រតិបត្តិការ និងជំនួយឥតសំណងរបស់មិត្តចិន ដែលបានសាងសង់រួច កំពុងសាងសង់ និងត្រៀមសាងសង់ មានទឹកប្រាក់ប្រមាណ ២,៥៥៣លានដុល្លារអាមេរិក៕