(ភ្នំពេញ)៖ អតិថិជន PassApp និង វីង អាចធ្វើដំណើរយ៉ាងងាយស្រួល នៅជុំវិញរាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ ក្នុងការផ្តល់ជូននូវមធ្យោបាយទូទាត់ថ្លៃ ធ្វើដំណើរតាមរ៉ឺម៉កកង់បី ដែលមានភាពងាយស្រួល និងរហ័ស។

ធនាគារឯកទេស វីង បានបំពាក់នូវប្រព័ន្ធទូទាត់ប្រាក់ ដោយស្គេនកូដ QR ដែលហៅកាត់ថា «វីងគិតលុយ» នៅជាង៣,០០០ រ៉ឺម៉កកង់បីរបស់ PassApp នៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយឲ្យអតិថិជននៅភ្នំពេញទាំងអស់ អាចទូទាត់ថ្លៃធ្វើដំណើរតាមវីង។

នៅពេលដែលអតិថិជន ធ្វើដំណើរទៅដល់គោលដៅ ពួកគេអាចប្រាប់អ្នកបើកបររ៉ឺម៉កកង់បីថា ពួកគេចង់គិតលុយតាមវីង។ ពេលនោះ អ្នកបើកបរតុកតុករបស់ PassApp នឹងបង្ហាញលេខកូដ QR «វីងគិតលុយ» ដែលបិទនៅលើរ៉ឺម៉កកង់បីនោះ។

វិធីសាស្ត្រទូទាត់ប្រាក់នេះ តម្រូវឲ្យអតិថិជនមានគណនី Wing និងធ្វើការទូទាត់តាមរយៈUSSD * 989 # ឬ កម្មវិធីស្មាតហ្វូនវីង នៅលើទូរស័ព្ទរបស់ពួកគេជាមុន ដើម្បីឲ្យពួកគេអាចស្កេនកូដ QR ឬវាយលេខទូទាត់។

ថ្លែងនៅក្នុងកម្មវិធី លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ភាពជាដៃគូនេះ នឹងផ្តល់ជាលទ្ធភាពថ្មីមួយ សម្រាប់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ដែលរស់នៅរាជធានីភ្នំពេញ និងកំពុងប្រើប្រាស់សេវាកម្មវីង ដើម្បីជួយលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ នូវបទពិសោធន៍ថ្មី នៃការធ្វើដំណើរដោយពុំចាំបាច់មានសាច់ប្រាក់នៅជុំវិញទីក្រុង។

លោក ម៉ាឡូឡូស បានបន្ថែមថា «ផលិតផលនិងសេវាកម្មរបស់យើង មានគោលបំណងផ្តល់នូវដំណោះស្រាយ ចំពោះបញ្ហាដែលអតិថិជនរបស់យើងកំពុងជួបប្រទះ។ វិធីសាស្រ្តទូទាត់ប្រាក់ «វីងគិតលុយ» នៅលើរ៉ឺម៉ក កង់បីរបស់ PassApp គឺឆ្លើយតបទៅនឹងបញ្ហា ដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ ពាក់ព័ន្ធនឹងការត្រៀមប្រាក់ឬលុយរាយ និងសំខាន់បំផុតនោះគឺសុវត្ថិភាពនៅពេលធ្វើដំណើរ»

លោក តុប និមល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា PassApp បានថ្លែងថា ភាពជាដៃគូនេះ គឺជាការ ប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុន ដើម្បីធានាថា អតិថិជនរបស់យើង អាចសម្របខ្លួនបានសមស្រប ទៅនឹងអាយុកាលថ្មីនៃបច្ចេកវិទ្យា ក្នុងការធ្វើដំណើរទាំងស្រុង ដោយរាប់បញ្ចូលតាំងពីការកក់រ៉ឺម៉កកង់បី ដោយចំណាយតែប៉ុន្មាននាទី និងទូទាត់ថ្លៃធ្វើដំណើរដោយគ្រាន់តែចុចប៊ូតុង។

លោក តុប និមល បានបន្ដថា «យើងក៏កំពុងអភិវឌ្ឍសមត្ថភាព របស់អ្នកបើកបររ៉ឺម៉កកង់បីរបស់យើង ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ នៅពេលថ្លៃធ្វើដំណើរចូលទៅក្នុងគណនីវីង ពួកគេនឹងអាចចូលទៅមើលរបាយការណ៍ នៃប្រាក់ចំណូលប្រចាំថ្ងៃ។ លើសពីនេះទៀត អ្នកបើកបរខ្លះនឹងមានភាពស្រួលជាងមុន ពីព្រោះពួកគេមិនចាំបាច់ព្រួយបារម្ភអំពីសុវត្ថិភាព នៅពេលបើករ៉ឺម៉កកង់បីជូនអតិថិជន ឬធ្វើដំណើរត្រឡប់ទៅផ្ទះនៅពេលយប់»។

ដើម្បីអបអរសាទរភាពជាដៃគូនេះ អ្នកដំណើរតាមរ៉ឺម៉កកង់បីរបស់ PassApp នឹងទទួលបានទឹកប្រាក់ ៥០% មកវិញ (រហូតដល់៤០០០រៀល) ពេលទូទាត់ថ្លៃធ្វើដំណើរជាមួយ «វីងគិតលុយ»។ ការផ្តល់ជូននេះ នឹងត្រូវបានផ្តល់ជូនក្នុងចំនួនកំនត់ និងសម្រាប់តែរ៉ឺម៉កកង់បីរបស់ PassApp ដែលមានភ្ជាប់លេខកូដ QR ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ តែប៉ុណ្ណោះ។

ដើម្បីប្រើប្រាស់ «វីងគិតលុយ» អតិថិជនត្រូវតម្រូវឲ្យមានគណនេយ្យវីង។ អតិថិជនអាច បង្កើតគណនីវីង បានយ៉ាងងាយស្រួល ដោយគ្រាន់តែទាញយកកម្មវិធីស្មាតហ្វូនវីង ឬចុចលេខកូដ * 989 # ហើយបំពេញព័ត៌មាន មួយចំនួន ឬទៅកាន់ភ្នាក់ងារវីង ដើម្បីដើម្បីបើកគណនីក៏បាន។

អតិថិជន ក៏អាចបញ្ចូលទឹកប្រាក់ ទៅក្នុងគណនីនៅភ្នាក់ងារវីង ទូទាំងប្រទេសផងដែរ។ ជាមួយនឹងគណនីវីង អតិថិជនមានជម្រើសជាច្រើន ក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់ដូចជា ទូទាត់វិក្កយបត្រ ទិញទំនិញតាមអនឡាញ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ និងជាច្រើនទៀត៕