(បាត់ដំបង)៖ ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ ខិតខំអភិវឌ្ឍន៍សមត្ថភាពភាសាចំនួនបីគឺ៖ ភាសាជំនាញ, ភាសាកុំព្យូទ័រ និងភាសាអង់គ្លេស ដើម្បីជាទុនក្នុងការបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមអនុវត្តន៍យុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា។
«ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ ជាពិសេសការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងប្រទេសជាតិ សូមបងប្អូនមន្ត្រីរបស់យើង ខិតខំពង្រឹងសមត្ថភាពថែមទៀត ព្រោះនៅពេលដែលយើងមានចំណេះដឹង និងជំនាញច្បាស់លាស់ យើងនឹងអាចចរចាស្វែងរកទីផ្សារថ្មីៗ និងផ្តល់ការណែនាំល្អៗដល់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្ម នៅក្នុងខេត្តបាត់ដំបង» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូនមន្ត្រីទាំងអស់ អំពីសមិទ្ធផលសំខាន់ៗ និងទិសដៅការងារថ្មីៗមួយចំនួន ដែលក្រសួងពាណិជ្ជកម្មត្រូវបំពេញ ដើម្បីធានាការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគិតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍផលិតផលហាឡាល់ ការជំរុញវត្តមានផលិតផលខ្មែរនៅតាមទីផ្សារទាំងក្នុង និងក្រៅប្រទេស និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗ។
លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ដែលបានប្រឹងប្រែងបំពេញការងារនាពេលកន្លងមក និងបានស្នើដល់មន្ត្រីនៃអង្គភាពទាំងពីរ ពង្រឹងកិច្ចសហការគ្នាបន្តទៀត ដើម្បីបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង តាមរយៈការបង្កើនសកម្មភាពចុះត្រួតគុណភាពទំនិញនៅតាមទីផ្សារ និងហាងលក់ទំនិញនានា ការជំរុញបិទស្លាកតម្លៃលើទំនិញគ្រប់ប្រភេទ និងការអប់រំផ្សព្វផ្សាយជូនអាជីវករ និងពាណិជ្ជករទាំងអំពីច្បាប់ និងបទបញ្ញត្តិថ្មីៗទាក់ទងវិស័យពាណិជ្ជកម្មជាតិ។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង ពង្រឹងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈថ្មី ដោយចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ឲ្យបានជាប់ជាប្រចាំ។
នៅចុងបញ្ចប់នៃអង្គពិធីលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានប្រគល់នូវថវិកាមួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូលប្រចាំខេត្តបាត់ដំបង ដើម្បីទុកប្រើប្រាស់សម្រាប់សោហ៊ុយចំណាយផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែង៕