(ញូដេលី)៖ មនុស្ស១១នាក់ ជាសមាជិកក្នុងគ្រួសារតែមួយ ត្រូវបានគេប្រទះឃើញថា បានស្លាប់នៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងទីក្រុងញូដេលី ដោយក្នុងនោះមាន ១០នាក់ ចងកពីពិដានផ្ទះ និងម្នាក់ដេកស្លាប់លើកម្រាលឥដ្ឋ ខណៈសល់តែឆ្កែចិញ្ចឹមមួយក្បាលប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប៉ូលិសឥណ្ឌា អ្នកដែលបានដេកដួលស្លាប់នៅលើឥដ្ឋនោះ គឺជាស្ត្រីអាយុ ៧០ឆ្នាំ។ ចំណែកឯជនរងគ្រោះ ១០នាក់ ផ្សេងទៀតត្រូវបានគេបិទភ្នែក និងចងដៃទាំងពីរព័ទ្ធទៅក្រោយ ហើយចងកចេញពីពិដានផ្ទះថែមទៀត។ ប៉ុន្តែភ្លាមៗ ប៉ូលិសមិនទាន់កំណត់មុខសញ្ញាណសង្ស័យ និងមូលហេតុនៅពីក្រោយករណីដ៏សាហាវនេះទេ ដោយគ្រាន់តែអះអាងថា ក្រុមជំនាញកំពុងស៊ើបអង្កេត ក្រោយរកឃើញសំបុត្រសរសេរដោយដៃមួយ ដែលគេជឿជាក់ថាអាចមានជាប់ពាក់ព័ន្ធនឹងអ្នកស្លាប់ណាម្នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ១១នាក់។
គួរបញ្ជាក់ថា មនុស្ស១១នាក់ខាងលើ ត្រូវបានគេឃើញស្លាប់កាលពីថ្ងៃអាទិត្យ ហើយក្នុងចំណោមអ្នកទាំងនេះរួមមាន ស្ត្រីចំណាស់ម្នាក់ បងប្អូនប្រុសពីរនាក់ ប្រពន្ធព្រមទាំងកូនរបស់ពួកគេ និងឆ្កែចិញ្ចឹមមួយក្បាលដែលនៅរស់៕