(កំពង់ធំ)៖ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខយោធិន គ្រួសារយោធិន វរសេនាតូចលេខ១ ចំនួន១៤៥នាក់ និងបានផ្សព្វផ្សាយសភាពការណ៍ វិវត្តន៍ថ្មីៗមួយចំនួន។

ពិធីសំណេះសំណាលនេះ បានផ្តោតសំខាន់ ដល់ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានសន្តិភាព ហើយកំពុងធ្វើការអភិវឌ្ឍ លើគ្រប់វិស័យ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន អគារធំៗខ្ពស់ស្កឹមស្កៃ វត្តអារាម ជាដើម។

បើតាមលោកឧត្តមសេនីយ៍ទោ កម្ពុជាបានទាក់ទាញអ្នកវិនិយោគទុនពីបរទេស មកវិនិយោគនៅកម្ពុជា ដើម្បីឲ្យប្រជាជន ពិសេសយុវជន យុវនារី មានការងារធ្វើ និងទទួលប្រាក់ខែច្រើន ដើម្បីដោះស្រាយជីវភាពគ្រួសារ។ ដោយឡែកកងយោធពលខេមរភូមិន្ទ កងនគរបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបានដំឡើងប្រាក់បៀវត្សប្រចាំខែ ដែលអាចរស់នៅបានសមរម្យ។

លោកបានជំរុញ ដល់យោធិនទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានដាច់ខាត នូវក្រមសីលធម៌សម្រាប់ កងយោធពលខេមរភូមិន្ទ ក្នុងដំណើរការបោះឆ្នោតជាតិខាងមុខ។

ជាមួយគ្នានេះ មេបញ្ជាការរងយោធភូមិភាគទី៤រូបនេះ បានអញ្ជើញយោធិនទាំងអស់ រួមជាមួយក្រុមគ្រួសារ ទៅបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដោយត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិ ដែលធ្វើឲ្យប្រទេសមានសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ក្នុងពិធីសំណេះសំណាលនេះដែរ ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានឧបត្ថម្ភជូនសារុងចំនួន១០០សារុង ជូនដល់គ្រួសារកងទ័ពម្នាក់មួយ ដែលជាអំណោយ របស់លោកអនុសេនីយ៍ ឆេង បូរ៉ា នាយទាហាននៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងថវិកាចំនួន ១,០០០,០០០ រៀលទៀត របស់មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ជូនអង្គភាពវរសេនាតូចលេខ ១ផងដែរ