(កណ្តាល)៖ ក្រោយពីមានជនមិនស្គាល់មុខ យកបង្គោលគ្រឹះធំៗ ទៅលួចបុកទាំងយប់រំលោភចូលលើដីរបស់ពួកគាត់ អស់រយៈពេលជិត១ឆ្នាំមកហើយនោះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅភូមិទួលក្រសាំង ខេត្តកណ្តាល បាននាំគ្នាទិញបង្គោលបេតុង ទៅវាស់បោះកំណត់ក្បាលដីរៀងខ្លួនៗ ដើម្បីរៀបចំសាងសង់លំនៅដ្ឋាន និងចង់ស្វែងរក ជនមិនស្គាល់មុខ ដែលហ៊ានប្រព្រឹត្តទង្វើបែបនេះ។

លោក ជិន នួន ជាប្រជាពលរដ្ឋម្នាក់ ដែលមានដីនៅទីនោះ បានលើកឡើងថា ដីនេះគាត់បានទិញពីឈ្មោះ សឿន អឿន រស់នៅភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ទិញរយៈពេលជាង១ឆ្នាំមកហើយ ដោយមានអាជ្ញាធរភូមិ-ឃុំ ជាអ្នកចុះហត្ថលេខាទទួលស្គាល់ផងដែរ។ ប៉ុន្តែកាលពីឆ្នាំ២០១៧ ចន្លោះខែកញ្ញា ស្រាប់តែមានជនមិនស្គាល់មុខ ដឹកសសរគ្រឹះធំយកគ្រឿងចក្រមកបុកគ្រឹះរឹងមាំ មិនអាចដករួច ចូលមកលើដីពួកគាត់។

បើយោងតាមប្រជាពលរដ្ឋរស់នៅក្បែរដីនោះ និយាយថា ការលួចបោះបង្គោលគ្រឹះនេះនៅពេលយប់ ម៉ោងប្រហែល៩យប់ជាង។ ជាមួយគ្នានោះ លោក ហូ សុធា ជាប្រជាពលរដ្ឋមានដីនៅចំណុចនោះដែរ បានលើកឡើងថា ដីនៅចំណុចនេះ គឺពួកគាត់បានទិញពីម្ចាស់ដើម ដោយមានការដឹងឮ ពីអាជ្ញាធរភូមិ-ឃុំ ត្រឹមត្រូវផងដែរ ដោយម្ចាស់មុន មានដីស្របដងផ្លូវទំនប់នេះរាប់រយម៉ែត្រ ហើយគាត់បានកាត់លក់ជាឡូតិ៍ឲ្យពួកគាត់។

ពួកគាត់មកទិញកាន់កាប់បន្ត ហើយបានមកអាស្រ័យផលលើដីនេះ ចាប់តាំងពីទិញបន្តមករហូត មិនដែលមានបញ្ហាអ្វីនោះទេ លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០១៧ ស្រាប់តែទទួលដំណឹងថា មានជនមិនស្គាល់មុចយកបង្គោលគ្រឹះធំៗ មកបុកគ្រឹះបោះជាបង្គោលកំណត់ព្រំដីលើដីរបស់ពួកគាត់។

ក្រោយពីទទួលដំណឹងបែបនេះ គាត់មកសាកសួររកម្ចាស់បង្គោលគ្រឹះនោះដែរ ប៉ុន្តែមិនអ្នកបង្គោលនោះមិនចេញមុខនោះទេ ទើបនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ពួកគាត់នាំគ្នាមកវាស់វែង និងកំណត់ព្រំដីរៀងៗខ្លួន ដោយអ្នកមានទទឹងក្បាលដី២០ម៉ែត្រ អ្នកខ្លះ១០ម៉ែត ឬ៥ម៉ែត្រ តាមកំណត់ឯកសារទិញលក់ពីមកចាស់ម្ចាស់ដីដើម។ ព្រោះពួកគាត់ក៏មិនចង់បានលើសពីអ្វី ជារបស់ពួកគាត់ដែរ។

លោកបានបន្តថា ដីពួកគាត់ទាំងអស់គ្នា មានក្បាលដីជាប់និងផ្លូវចំណែកដីលោកឧកញ៉ា នួន សុន ប៉ុន្តែឮថា កាលពីអំឡុងឆ្នាំ២០១៧ ឧកញ៉ា នួន សុន បានលក់ដីនេះទៅឲ្យក្រុមហ៊ុន KPP មិនដឹងថា គាត់លក់មកដល់ដីពួកគាត់ ឬមួយយ៉ាងណានោះទេ ទើមានបង្គោលគ្រឹះកំណត់ព្រំដីលើដីពួកគាត់បែបនេះ។

នៅកន្លែងប្រជាពលរដ្ឋឈូសបោះបង្គោលព្រំដីពួកគាត់នោះ លោក ម៉ឹង ណម ថា លោកជាតំណាងក្រុមហ៊ុនទិញដីពីក្រោយនោះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា លោកចុះមកមើល បងប្អូនប្រជាពលរដ្ឋ និងសូមឲ្យគាត់ប្រមូលគ្នាដោយចុះឈ្មោះដាក់លេខទូរស័ព្ទ និងដោយភ្ជាប់មកជាមួយនៅឯកសារពាក់ព័ន្ធ និងដីពួកគាត់ ដើម្បីឆ្លងប្រធានក្រុមហ៊ុនរួច ដោះស្រាយជូនពួកគាត់ទៅតាមការជាក់ស្តែង៕