(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២ ខែកក្កដានេះ ជាថ្មីម្តងទៀត បានថ្លែងប្រតិកម្មតបចំពោះជនមួយចំនួន ដែលបារម្ភ និងរិះគន់ចំពោះវត្តមានរបស់ជនជាតិនៅកម្ពុជា ដោយសម្តេចបានចោទ ជាសំណួរត្រឡប់ទៅវិញថា «ប្រទេសជាច្រើនរកស៊ីជាមួយប្រទេសចិន ចុះហេតុអ្វីមកហាមឃាត់កម្ពុជា មិនឲ្យរកស៊ីជាមួយចិន?»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបារម្ភ និងរិះគន់ចំពោះការវិនិយោគរបស់ចិននៅកម្ពុជា គឺជាការច្រណែនរបស់ជនមួយចំនួន ឬប្រទេសមួយចំនួនប៉ុណ្ណោះ ទាំងប្រទេសនោះមិនហ៊ានវិនិយោគ នៅកម្ពុជាដូចប្រទេសចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការរីកចម្រើនរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកនោះ មិនត្រឹមតែរីកចម្រើនសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺរីកចម្រើនដល់ប្រទេសដទៃទៀតរួមទាំងកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវការស្ពានអាកាសមិត្តភាពកម្ពុជា-ចិន ឬហៅម្យ៉ាងទៀតថា ស្ពានអាកាសផ្សារដីហុយ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះឪថា «បើយើងគ្មានវិនិយោគចិន មកវិនិយោគទេ សួរថាអគ្គិសនីដែលយើងប្រើបច្ចុប្បន្ននេះ បានប្រភពពីណាមកប្រើប្រាស់? និយាយដាក់ជាសំណួរបែបនេះ។ អ្នកខ្លះ ប្រទេសខ្លះច្រណែនចំពោះប្រទេសចិន ហើយធ្វើការវាយប្រហារចំពោះកម្ពុជា ប៉ុន្តែសួរថា វារីអគ្គិសនីទាំងអស់ ដែលផ្គត់ផ្គង់រាប់ពាន់មេហ្គាវ៉ាត់ សម្រាប់ការប្រើប្រាស់បច្ចុប្បន្ននេះ តើមានប្រទេសណាមួយ មកសុំដាក់ទុន ឬសុំដេញថ្លៃ ដើម្បីយកគម្រោងនោះ? គឺវាអត់មានទេ បានត្រឹមតែថាប៉ុណ្ណោះ ដល់ពេលចិនមកធ្វើចាប់ផ្តើមច្រណែន»។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា កម្ពុជាមិនមានការខាតបង់ណាមួយនោះឡើយ ចំពោះការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន ហើយមិនមែនតែកម្ពុជាទេ សូម្បីតែអាស៊ានទាំងមូលក៏ដូចគ្នា គឺសុទ្ធសឹងតែទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីទំនាក់ទំនងជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ ពិភពលោកមួយនេះ។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រូបសម្តេច និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងបន្តដង្ហែតាមព្រះរាជតម្រិះ របស់សម្តេចព្រះបរមរតនកោដ្ឋ ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។
សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យប្រជាពលរដ្ឋ កុំមានការភ័ន្តច្រឡំចំពោះវត្តមានរបស់ជនជាតិចិននៅកម្ពុជា ព្រោះវត្តមានរបស់ជនជាតិចិននៅកម្ពុជា ដើម្បីបម្រើការងារនៅតាមការដ្ឋានសំណង់រាប់រយកន្លែងនៅកម្ពុជា ដោយសារតែកម្ពុជាមិនទាន់មានកម្មករជំនាញ អាចជំនួសជំនាញរបស់ជនជាតិចិនបាន ដូច្នេះទើបតម្រូវឲ្យមានកម្មករចិន ចូលមកធ្វើការនៅកម្ពុជាបែបនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតថា គ្មាននរណាអាចមករារាំងការរីកចម្រើន របស់ប្រទេសចិនបាននោះឡើយ ហើយការរីកចម្រើននេះ នឹងរួមចំណែកជួយបណ្តាប្រទេសដទៃ។
សូមជម្រាបថា យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងចិន និងអាស៊ានបានកើនឡើងដល់៥១,៤៨០លានដុល្លារអាមេរិក។ ប្រទេសចិនក្នុងរយៈពេល៩ឆ្នាំជាប់ៗគ្នា បានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត របស់អាស៊ាន ហើយអាស៊ានក៏ជាដៃគូពាណិជ្ជកម្មធំជាងគេទី៣ របស់ប្រទេសចិនផងដែរ៕