(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២ ខែកក្កដា​ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយសសមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ អមដំណើរដោយក្រុមការងារថ្នាក់ជាតិ​ ខេត្ត​ ក្រុង​ ស្រុក​ និងមូលដ្ឋានបានអញ្ជើញចូលជាអធិបតី បញ្ចុះបឋមសិលាសាងសង់អគារបឋមសិក្សា១ខ្នង ២ជាន់ ស្មើនឹង១០បន្ទប់​និងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជិត៥០០០នាក់​ នៅសង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សរួមមាន៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស​. សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងប្រធានកិត្តិយសគណបក្ស។

ក្នុងឱកាសនោះដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក្រោមយុទ្ធសាស្ត្រឈ្នះ​ឈ្នះ​ និងពលិកម្មរបស់សម្តេចតេជោ ហ៊ុន​ សែន​ អតីតតំបន់វាយប្រយុទ្ធបង្ហូរឈាមខ្មែរ និងខ្មែរ​ត្រូវបានប្រែក្លាយទៅជាតំបន់សន្តិសុខ​ និងអភិវឌ្ឍមានហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ថ្នល់​ ស្ពាន​ សាលារៀន​ អគ្គិសនី​។ល។ សម្រាប់ជួយសម្រួលដល់ការរស់នៅ​ និងទាក់ទាញវិនិយោគឲ្យមកបណ្តាក់ទុនស៊ី ផ្តល់ការងារជូនប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រទន្ទឹម នឹងតម្រូវការទីផ្សារការងារ​ ការបណ្តុះបណ្តាលផលិតធនធានមនុស្សសម្រាប់ផ្គត់ផ្គង់ទីផ្សារការងារនោះជារឿងចាំបាច់បំផុត​ ដូចនេះហើយ ទើបសម្តេចតេជោ ហ៊ុន​ សែន​ ដាក់ពង្រាយសាលារៀន​ ដល់ជិតផ្ទះប្រជាពលរដ្ឋតែម្តងដើម្បីសម្រួលជូនកូនចៅយើងរឹតតែងាយស្រួលទៅសិក្សាក្រេបវិជ្ជាបន្ថែមទៀត។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ​ប៉ៅយប៉ែត ព្រមទាំងជនរួមជាតិដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជន និងសូមបន្តទៅបោះឆ្នោតនៅថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៨​ឲ្យបានគ្រប់គ្នា​ លេខរៀងទី២០​ ងាយចាំ​ ងាយគិត​ ស្រួល់គូស​ដើម្បីសម្តេចតេជោ ហ៊ុន សែន មានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិយើង ឲ្យរីកចម្រើននិងមានសាលារៀន​ មន្ទីរពេទ្យ​កាន់តែច្រើនបន្ថែមទៀត​ ។

ជាវប្បធម៌ចែករំលែក​ និងគិតគូរពីសុខទុក្ខ​ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកអំណោយ ថវិកា​ សម្ភារ​ ចែកជូនរួមមាន​៖

ទី១៖ ជូនប្រជាពលរដ្ឋចំនួន៤០០០នាក់ ក្នុងម្នាក់ៗ​ ទទួលបានសារ៉ុង១ស្បែកជើង១គូ
ទី២៖ ជូនមនុស្សចាស់ពីអាយុ៧០ឆ្នាំឡើង នៅសង្កាត់ប៉ោយប៉ែតចំនួន២៥០នាក់ក្នុងម្នាក់ៗ ទទួលបាន៖ ថវិកា២ម៉ឺនរៀល​ សារ៉ុង១​ ក្រម៉ា១ បំពង់ទឹកក្ដៅ ១​ ទឹកដោះគោ​ ប្រេងកូឡ​ ស្ករស​ អំបិលអ៊ីយ៉ូត​ ប្រេងសណ្ដែ​ក​ កៅអៀក​
ទី៣៖ លោកគ្រូ​ អ្នកគ្រូ​ ៣៧០នាក់​ ម្នាក់ទទួលបាន​ថវិកា២ម៉ឺន​ សារ៉ុង​១​ ស្បែកជើង១គូ
ទី៤៖ យុវជនកាយរិទ្ធ​ កាកបាទក្រហម​ សសយក​ ចំនួន១៥០នាក់​ ម្នាក់ៗទទួលបានថវិកា៥០០០រៀល​ ស្បែកជើង១គូ​ សារ៉ុង១
ទី៥៖ សិស្សានុសិស្ស៥២៧នាក់ម្នាក់ៗ សៀវភៅ​ ប៊ិច​ ខ្មៅដៃ​ និងថវិកា៣០០០រៀល
ទី៦៖ ជូនគណៈកម្មាធិការបក្សសង្កាត់ប៉ោយប៉ែត​ ថវិកា១លានរៀល
ទី៧៖ ជូនមណ្ឌលសុខភាពប៉ោយប៉ែតថវិកា៥០ម៉ឺនរៀល
ទី៨៖ ប្រគេនបច្ច័យកសាងវត្តបាលិលេយ្យ​ ចំនួន១លាន​រៀល៕​