(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលកណបក្សប្រជាជនកម្ពុជា និងជាប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា ដើម្បីវឌ្ឍនភាពជាតិ និងខ្លួនឯងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់មានលទ្ធភាពគ្រប់គ្រាន់ធ្វើឲ្យប្រទេសជាតិមានវឌ្ឍនភាព និង ជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។

លោកប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារបានថ្លែងបែបនេះនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជាដែលជាប្រធានក្រុមបក្ស ១,០៨២នាក់ នៅក្នុងឃុំស្មោញត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ក្នុងពីធីសំណេះសំណាលនាព្រឹកថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៨។

លោក ស្តើង សុខុម បានលើកឡើងថា «ជាការពិតប្រជាជាតិកម្ពុជាក្នុងយុគសម័យដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលគិតចាប់ពីឆ្នាំ១៩៧៩ មកទល់បច្ចប្បន្ននេះ សម្រេចបានជោគជ័យជាជំហានៗ ដោយផ្តោតជាសំខាន់ទៅលើផលប្រយោជន៍ប្រជាជនជាធំ និងការកែទម្រង់ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៅតាមកម្រិតរីកចម្រើន របស់ប្រទេសជាតិ។ នេះគឺជាគោលនយោបាយដឹកនាំប្រទេសលើគន្លងផ្លូវដ៏ត្រឹមត្រូវដែលនាំមកនូវវឌ្ឍនភាពជាតិគួជាទីមោទនៈបំផុត»។

«អ្វីដែលប្រជាជនកម្ពុជាចង់បាន និងចងចាំជានិច្ចនោះ គឺគុណតម្លៃសម្រាប់ប្រជាជាតិខ្មែរ គឺការបញ្ចប់សង្រ្គាម ការបញ្ចាប់ការបែកបាក់ខ្មែរ នាំមកនូវការបង្រួបបង្រួមជាតិ ដែលមិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំចុងក្រោយ។ នាំប្រទេសជាតិមកមានសន្តិភាពពេញលេញ»។ លោក ស្តើង សុខុម បញ្ជាក់បន្ថែម។

សមាជិកជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានលើកជាសំណួរទៅកាន់ប្រជាពលរដ្ឋថា តើចង់បានសង្រ្គាមត្រឡប់មកវិញ ឬយ៉ាងណាណា? បន្ទាប់ពីចោទសួរលោក ស្តើង សុខុម ក៏បានពន្យល់ពលរដ្ឋថា គ្មានប្រជាជនកម្ពុជាណាម្នាក់ចង់បានសង្រ្គាមនោះទេ។ អ្នកដែលចង់បានសង្រ្គាម គឺមានតែមនុស្សមួយក្រុមកំពុងតែចលនាប្រជាជនកុំឲ្យទៅបោះឆ្នោត។

លោកបន្តថា ក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត ជាមូលដ្ឋានគ្រឹះមានតែពួកដែលចង់បានសង្រ្គាមតែប៉ុណ្ណោះ ដែលរារាំងមិនឲ្យមានការបោះឆ្នោត។

លោក ស្តើង សុខុម បានបន្តយ៉ាងដូច្នេះ «មានតែការបោះឆ្នោតឲ្យគណបក្សប្រជាជនតែប៉ុណ្ណោះ ទើបធានាបាននូវសន្ដិភាព ការងារធ្វើ និងប្រាក់ចំណូល។ គ្មានជម្រើសណាដែលល្អជាងនេះទេ។ បងប្អូនត្រូវចាំណា បងប្អូនបានសេចក្តីសុខនៅពេលនេះគ្មានសង្គ្រាមរាំងជល់តើចេញពីអ្នកណា? ចេញពីគណបក្សប្រជាជនកម្ពុជា ហើយចេញពីតួអង្គសម្តេចតេជោ ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសជាមួយគោលនយោបាយដ៏ត្រឹមត្រូវ។ បងប្អូនមានការងារធ្វើនិងប្រាក់ចំណូលគឺមិនមែនបានមកពីបក្សប្រឆាំងទេ គឺបានពីមករាជរដ្ឋាភិបាលដែលបានប្រឹងប្រែងដោះស្រាយរកសន្ដិភាព ហើយដោះស្រាយបង្កើតក្របខណ្ឌគោលនយោបាយ។ ខិតខំធ្វើផ្លូវ ធ្វើស្ពាន ដោះស្រាយបញ្ហាអគ្គិសនី ដើម្បីទាក់ទាញវិនិយោគិនមកបង្កើតការងារជូនពលរដ្ឋ។ ដូចនេះវឌ្ឍនភាពជាតិស្មើនិងវឌ្ឍនភាពរបស់ពលរដ្ឋម្នាក់ដែរ នៅពេលដែលប្រទេសជាតិរីកចំរើនប្រជាពលរដ្ឋក៏មានជីវភាពធូរធារ»។

ពាក់ព័ន្ធសភាពការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្នដែលប្រធានក្រុមបក្ស និងឃោសនិករបស់គណបក្សត្រូវដឹងនិងត្រូវធ្វើនោះ លោក ស្តើង សុខុម បានទាញអារម្មណ៍អ្នកចូលរួមឲ្យប្រកាន់ខ្ជាប់នូវសាមគ្គីភាពក្នុងបក្សឲ្យបានល្អ។ ចំណុចមួយដែលលោក ស្តើង សុខុម បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនោះ គឺការប្រើបេះដូងទៅទាក់យកបេះដូងរបស់ប្រជាពលរដ្ឋមានន័យថា សមាជិកបក្សដែលជាឃោសនិករបស់បក្សត្រូវធ្វើអំពើល្អដែលចេញពីបេះដូងពិតប្រាកដ ទើបទទួលបានមកវិញនូវភក្តីភាពដែលចេញពីបេះដូងរបស់ពលរដ្ឋ។

ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានជំរុញឲ្យប្រធានក្រុមបក្សទាំងអស់ត្រូវខិតខំទាក់ទងទៅសមាជិកបក្ស ដែលស្ថិតនៅទីឆ្ងាយឲ្យមកចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនវាមានតម្លៃណាស់ វាជាការកំណត់វាសនារបស់ប្រទេសជាតិ។

ជាចុងក្រោយលោកបានផ្តាំផ្ញើទៅប្រធានក្រុមបក្សថា ត្រូវតែនាំគ្នាទៅបោះឆ្នោត ហើយនាំទាំងឪពុកម្តាយ ជីដូនជីតា បងប្អូន ទៅជាមួយផងទៅបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅលេខរៀងទី២០។ បោះឆ្នោតឲ្យគណបក្សប្រជាជនគឺដើម្បីវឌ្ឍនភាពជាតិ និងខ្លួនឯង។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវចាំថា «សមាជិកម្នាក់គឺជាសន្លឹកឆ្នោតមួយសន្លឹក» វត្តមាន របស់បងប្អូនគឺសំខាន់ណាស់។

នៅល្ងាចថ្ងៃដដែលនោះលោកប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារក៏បានបន្តជួបសំណេះសំណាលជាមួយឃោសនិករបស់គណបក្សប្រជាជនកម្ពុជាទូទាំងស្រុកកំចាយមារដែលមានចំនួនជាង ៣០០នាក់ នៅស្នាក់ការគណបក្សស្រុកកំចាយមារ ។

ក្នុងកម្មវិធីជួបសំណេះសំណាលតាំងពីរលើកនេះ លោក ស្តើង សុខុម ក៏បាននាំយកថវិកាផ្ទាល់របស់សម្តេចក្រឡាហោម ស ខេង ចែកជូនដល់បងប្អូនជាការកំដរដៃក្នុងម្នាក់ ១ម៉ឺនរៀល ដែលសរុបទាំងពីកម្មវិធីនេះចំណាយអស់ថវិកាជាង ១០លានរៀល៕