(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះ បានបញ្ជាឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការលើក្រុមមួយ ដែលបានប្រជុំគ្នាសម្ងាត់ ដើម្បីរៀបចំផែនការញុះញង់ថា ទឹកខ្មៅសម្រាប់ឱ្យអ្នកបោះឆ្នោតជ្រលក់ដៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ធ្វើឱ្យអ្នកបោះឆ្នោតរួចស្លាប់ បន្ទាប់ពីជ្រលក់ដៃហើយ ក្រោយរយៈពេល២៤ម៉ោង។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពានអាកាសផ្សារដីហ៊ុយ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផែនការរបស់ក្រុមខាងលើនេះ ថាជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ធ្វើឡើងដើម្បីបំផ្លាញការបោះឆ្នោត និងបំភ្លៃដល់ប្រជាពលរដ្ឋ ដែលត្រូវចាត់វិធានការជាបន្ទាន់ មិនត្រូវលើកលែងឡើយ។
សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ព្រឹកមិញនេះ ខ្ញុំព្រះករុណាខ្ញុំបានទទួលព័ត៌មានមួយអំពីការឆរបោក ដែលអាចក្លាយទៅជាឧក្រិដ្ឋកម្ម នៃក្រុមពួកនេះ ដែលយើងមិនអាចអត់ឱនទេ គឺគេបានលើកឡើងថា នៅថ្ងៃបោះឆ្នោតខាងមុខ នឹងមានទឹកខ្មៅជ្រលក់ចំនួន២ដង គឺដបទី១ គឺទឹកខ្មៅធម្មតា ឯដបទី២ គឺទឹកខ្មៅដែលជ្រលក់ទៅ ២៤ម៉ោងក្រោយគឺស្លាប់ភ្លាម។ ផ្តាំទៅនេះគឺអាក្រុមដដែលទេ អាក្រុមដែលបានលើកកាលពី៥ឆ្នាំមុន»។
កាលពី៥ឆ្នាំមុន អំឡុងពេលកម្ពុជារៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ ឆ្នាំ២០១៣ មានអង្គការសង្គមស៊ីវិលមួយចំនួន ក្នុងនោះរួមមានសមាគមអាដហុក និងអង្គការខុមហ្វ្រែលផងដែរ បានបង្ហាញនូវរបបគំហើញថ្មីរបស់ខ្លួនដោយអះអាងថា ទឹកថ្នាំខ្មៅ របស់គ.ជ.ប. ដែលអាចលាងជ្រះវិញ ក្នុងពេលដ៏ខ្លី។ ប៉ុន្តែរឿងនេះ ត្រូវបានច្រានចោលភ្លាមៗដោយ គ.ជ.ប។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការប្រឌិតរឿងទាក់ទងនឹងទឹកខ្មៅសម្លាប់អ្នកបោះឆ្នោត លើកនេះ គឺជាផែនការសម្ងាត់ថ្មី ដែលក្រុមទាំងនោះ បានបង្កើតឡើង ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋពីមាត់មួយទៅមាត់មួយ។ សម្តេចថ្លែងថា ក្រុមនោះ គឺមានការពាក់ព័ន្ធនឹងក្រុមដែលអំពាវនាវដល់ពលរដ្ឋ មិនឱ្យទៅបោះឆ្នោត។
សម្តេចបញ្ជាក់ថា៖ «នេះជាការបោកប្រាស់បំភ្លៃប្រជាជន កុំឱ្យទៅធ្វើការបោះឆ្នោត ជាមួយនឹងអាក្រុមបក្ខពួកដែលអំពាវនាវឱ្យប្រជាជន កុំទៅបោះឆ្នោត។ ឥឡូវគេយកផែនការខ្សឹបមួយដាក់ចេញការប្រជុំ។ ខ្ញុំចង់ប្រាប់ថា ពួកអ្នកឯងប្រជុំ មិនអាចលាក់បាំងជាមួយខ្ញុំបានទេ»។
សម្តេចបានបន្តទៀតថា «ព្រឹកមិញ ខ្ញុំបានបញ្ជូនទៅឱ្យសម្តេច ទៀ បាញ់ ហើយបានបញ្ជូនទៅខាងមហាផ្ទៃហើយ ក្រុមអ្នកឯងយើងបានស្គាល់មុខអស់ហើយ កុំធ្វើឱ្យសោះ បើអ្នកឯងធ្វើ អ្នកឯងប្រថុយនឹងការជាប់គុក ព្រោះនេះជាបទល្មើសមួយដែលមិនអាចអត់ឱនឱ្យបានទេ ហើយមិនមែនជាសិទ្ធិបញ្ចេញមតិទេ»។
សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «សូម្បីប្រធានគណបក្ស ចាប់ឯងទាំងយប់ ដោយសារតែទោសក្បត់ជាតិ អា(ក្រុមរៀបចំផែនការ)នេះ ក៏មានទោសក្បត់ជាតិដែរ បើអ្នកឯងគ្រាន់តែនិយាយថា កុំទៅបោះឆ្នោតនោះ អាហ្នឹងជារឿងមួយ ប៉ុន្តែរឿងដែលអ្នកឯងឈានដល់ ដំណាក់កាលមួយ ដែលអ្នកឯងដើរខ្សឹប គឺឃើញមួយវ៉ៃមួយ ខ្ញុំបញ្ជាឱ្យអាជ្ញាធរ ឃើញមួយវ៉ៃមួយ»។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន ២០ចូលរួម។ ការបោះឆ្នោតនេះ មានគណបក្សចូលរួមច្រើនជាងអាណត្តិមុន ប៉ុន្តែអតីតបក្សប្រឆាំង ដែលជាប់ចោទពាក់ព័ន្ធនឹងករណីក្បត់ជាតិចង់ផ្តួលរំលំរាជរដ្ឋាភិបាលនោះ មិនអនុញ្ញាតឱ្យចូលរួមឡើយ៕