(សៀមរាប)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សហការជាមួយសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពធនធាន ផលិតកម្មស្អាត និងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលជាសកម្មភាពមួយក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម» ក្រោមអធិបតីភាពលោ ទឹង ស៊ីនី អនុរដ្ឋលេខាធិការ និងជានាយកគម្រោង និងជាតំណាងរបស់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

សិក្ខាសាលាបណ្តុះបណ្តានេះរៀបចំរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារ អង្គរដាវ័ណ្ណ ខេត្តសៀមរាប។លោក ទឹង ស៊ីនី បានថ្លែងថា ក្រោមការដឹកនាំរបស់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ក្រសួងបាន និងកំពុងអនុវត្តផែនការសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ដែលមានទិដ្ឋភាពរួម និងបេសកកម្មរបស់ខ្លួនដូចជា៖

១៖ ធ្វើឱ្យមានប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងផលិតកម្មស្អាត នឹងធ្វើឱ្យរោងចក្រ សិប្បកម្ម ទទួលបានផលចំណេញពីការកាត់បន្ថយថ្លៃចំណាយផលិតកម្ម បង្កើនផលិតភាព ព្រមទាំងបានចូលរួមក្នុងការធ្វើឱ្យអប្បបរមានូវការបញ្ចេញចោលនូវសំណល់ និងឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថានផងដែរ។

២៖ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្មរបស់យើង ចាំបាច់ត្រូវមានប្រព័ន្ធគ្រប់គ្រងបរិស្ថានមួយដែលមានទិន្នន័យគ្រប់គ្រាន់ សម្រាប់ការធ្វើសមាហរ័ណកម្មនៃនីតិវិធី និងដំណើរការបណ្តុះបណ្តាលបុគ្គលិក ការត្រួតពិនិត្យ ការសង្ខេប និងធ្វើរបាយការណ៍ស្តីពីព័ត៌មាននៃសកម្មភាពទាំងឡាយទៅលើបរិស្ថាន។

៣៖ ជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរោងចក្រ សហគ្រាស និងសិប្បកម្ម ដោយដាក់ចេញជាគោលការណ៍ណែនាំដល់ផលិតករទាំងឡាយក្នុងវិស័យនេះ ឱ្យអនុវត្តតាម។

សិក្ខាសាលានេះ មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប ខេត្តបាត់ដំបង កំពង់ស្ពឺ និងវិស័យឯកជនប្រមាណ៣០នាក់។

លោកបានគូសបញ្ជាក់ និងផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ឱ្យរៀនសូត្រ សហការ និងសាមគ្គីភាពឱ្យបានល្អប្រសើរ ក្នុងកម្រិតខ្ពស់ ដើម្បីឱ្យមានការផ្ទេរ និងផ្គូរផ្គងចំណេះដឹង និបច្ចេកវិទ្យារវាងគ្នា និងគ្នា រួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពតាមវិស័យ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម និងស្របតាមអនុសាសន៍ណែនាំរបស់កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី ក្នុងន័យអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសិប្បកម្មប្រកបដោយចីរភាព និងអភិវឌ្ឍន៍៕