(ភ្នំពេញ)៖ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ត្រូវម្តាយដែលមានសតិមិនប្រក្រតីនោះ វាយសម្លាប់នៅក្នុងបន្ទប់ទឹកពិតជាអាណោចអធ័ម។ ហេតុការណ៍ភ្ញាក់ផ្អើកនេះបានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ។
ស្រ្តីដែលជាម្តាយវាយសម្លាប់កូនខ្លួនឯងមានឈ្មោះ ស អ៊ាង អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះមានជម្ងឺសរសៃប្រសាទ និងមានប្តីឈ្មោះ វ័ន្ត រួន អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ ក្នុងបន្ទុក កូនដែលត្រូវម្តាយវាយសម្លាប់នោះមានឈ្មោះ វ័ន្ត ភារុណ អាយុ១៤ឆ្នាំ មានជំងឺសរសៃប្រសាទដូចគ្នា ជាកូនទី១រស់នៅ ក្នុងបន្ទប់ជួលខាងលើ មានស្រុកកំណើតភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីប្តីរបស់ខ្លួន ចេញទៅធ្វើការបាត់ហើយនោះ កូនប្រុសម្នាក់ទៀត ក៏បានចេញទៅសាលារៀនដែរ ស្រាប់តែពេលនោះ ក៏ឮសូរមាត់កូនប្រុសរងគ្រោះបានឈ្លោះ និងជេរម្តាយ ហើយម្តាយក៏ជេរវិញ រួចក៏ស្ងាត់មាត់បាត់ទៅមក។
មួយសន្ទុះក្រោយមក ស្រ្តីជាម្តាយបានចាក់សោបន្ទប់ពីក្រៅ រួចដើរចេញ មកយកកូនសោផ្ញើផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់បានវាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង។ ភ្លាមៗនោះ គាត់ខ្លួនឯង បានទៅប្តឹងនគរបាលប៉ុស្តិ៍ ហើយពេលនគរបាលទៅដល់ គាត់បានប្រាប់ថា គាត់បានសម្លាប់កូនប្រុសរបស់គាត់ហើយ។ គ្មានអ្នកណាម្នាក់ជឿថា មានរឿងបែបនេះកើតឡើងទេ រហូតដល់ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅចាក់សោទ្វារបន្ទប់មើល ស្រាប់តែប្រទះឃើញកូនប្រុសម្នាក់នោះ ស្លាប់ក្នុងបន្ទប់ទឹកពិតប្រាកដមែន។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីដែលជាម្តាយ។ ស្រ្តីជាម្តាយបាននិយាយរៀបរាប់ថា គាត់ខឹងកូនប្រុសខាងលើ ដែលបានវាយគាត់ ទើបគាត់យកអង្រែវាយទៅលើកូនវិញ និងយកកាំបិតទៅកាប់ នៅក្នុងបន្ទប់ទឹករហូតដល់កូនប្រុសរបស់គាត់ស្លាប់បាត់ ហើយក៏បានចាក់សោទ្វារពីក្រៅ រួចក៏ដើរទៅប្តឹងនគរបាលតែម្តង។
ចំណែកឯស្ត្រីដែលជាម្តាយនោះ ត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីវិតិច្បាប់។ រឺឯសពកូនប្រុសខាងលើ ត្រូវសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕