(កំពង់ចាម)៖​ លោក លី​ សាម៉េត​ សមាជិកគណបក្សប្រជាជនកម្ពុជា និងលោកឧកញ៉ា ឌី​ ប៉ូ​ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាមចំនួន ១៥៧៧គ្រួសារ​ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨​ ហើយបាននាំយកអំណោយ មួយចំនួនទៅចែកជូនផងដែរ​។ ​

លោក លី​ សាម៉េត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកកងមាស​ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ​ ចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលបានជួយរំដោះអាយុជីវិតប្រជាជន និងជាតិមាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល​ ពត។

លោកបន្តថា ពិសេសទៀតនោះគឺ មេដឹកនាំដែលដឹងសុខទុក្ខប្រជាពលរដ្ឋ​, រក្សាបាននូវសុខសន្តិភាព​ និង​អភិវឌ្ឍប្រទេសអោយមានការរីកចម្រើន​ឥតឈប់ឈរ។ លោកបានថ្លែងយ៉ាងច្បាស់ថា «មានតេជោសែន ប្រទេសកម្ពុជាមានសុខសន្តិភាពនិងបន្តអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ​នៅទូទាំងប្រទេស»។ ​

លោកលី​ សាម៉េត​ ថ្លែងថា​ នេះជាលើកទី១ហើយ ដែលលោកបានមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំពាមជីកង​ ហើយលោក សង្កេតឃើញថា​ បងប្អូនប្រជាពលរដ្ឋដ៏ល្អ​ គោរពច្បាប់​ គោរពព្រះពុទ្ធសាសនា​ គឺដោយសារប្រទេសមានសុខសន្តិភាព​ ដែលរកបានដោយសម្តេចតេជោ ហ៊ុន​ សែន​ និងគណបក្សប្រជាជនកម្ពុជាតែមួយគត់។ ​

ទន្ទឹមនឺងនេះដែរ លោកឧកញ៉ា ឌី​ ប៉ូ​ ក៏មានប្រសាសន៍​ រំលឹកឡើងវិញអំពីរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនរស់នៅក្នុងរបបប៉ុល​ ពត ពួកវាបានកាប់ សម្លាប់ប្រជាជនស្លូតត្រង់អស់ ជាង៣លាននាក់ដោយមិនរើសមុខ​ បង្អត់បាយ​ធ្វើទារុណកម្មយ៉ាងឃោរឃៅសាហាវព្រៃផ្សៃ។ ប៉ុន្តែដោយសារតែមានគុណដ៏ ធំធេងមិនអាចបំភ្លេចបានរបស់គណបក្សប្រជាជនកម្ពុជា និងមានសម្តេចតេជោហ៊ុន​ សែន​ បានរំដោះប្រជាជនចេញពីរបបប៉ុល​ ពត នៅថ្ងៃ៧មករា១៩៧៩​ ហើយខំកសាងប្រទេសតាំងពីបាតដៃទទេរហូតអភិវឌ្ឍន៍មានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពោរពេញដោយសុខសន្តិភាពពេញផ្ទៃប្រទេសឱ្យមានការរីក ចម្រើនជាលំដាប់​។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា កុំបំភ្លេចថ្ងៃកំណើតទី២របស់ខ្លួនគឺថ្ងៃ៧មករានេះ ដែលចារជាប្រវត្តិសាស្ត្រ។ ​ លោកក៏បានអំពាវនាវផងដែរ​ សូមបងប្អូនប្រជាជនទាំងអស់ទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ​ដើម្បីគាំទ្រសម្តេចតេជាធ្វើជានាយករដ្ឋ មន្ត្រីក្នុងអាណត្តិទី៦នេះ និងអាណត្តិក្រោយៗជាបន្តទៀត​ ដើម្បីឱ្យលោកបានរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនឥតឈប់ឈរ ។ ​

លោកមឿន​ ផា​ ​ ប្រធានគណបក្សប្រជាជ​នស្រុកកងមាសបានឱ្យដឹងថា​ ស្រុកកងមាស​ ជាស្រុកមួយក្នុងចំណោមស្រុកទាំង១០​របស់​ខេត្តកំពង់ចាម​ មានចម្ងាយប្រមាណ២៥គីឡូម៉ែត្រភាគខាងលិចទីរួមខេត្ត។ស្រុកកងមាស​ មាន១១ឃុំ និង៩៣ភូមិ​ មានផ្ទៃដីទំហំ៣៨០៩,៨០គីឡូម៉ែត្រការេ​ ​ មានប្រជាពលរដ្ឋ ចំនួន៥៤៧៨៥គ្រួសារ​ និងមានប្រជាពលរដ្ឋសរុប ចំនួន១០៨.៧៥៤នាក់​ ដង់ស៊ីតេប្រជាជនមាន២៨១នាក់ក្នុងមួយគីឡូម៉ែត្រការេ។ ​

លោកបន្តថា ស្រុកកងមាសត្រូវបានអភិវឌ្ឍន៍លើគ្រប់វិស័យ​ ហើយថ្មីៗបានទទួលជោគជ័យជាបន្តបន្ទាប់ដូចជា​ ប្រព័ន្ធធារាសាស្ត្រ​ ទំនប់​ ប្រឡាយ​ ស្រោច ស្រពតូចធំ​ បណ្តាញអគ្គិសនី​ ផ្លូវក្រាលគ្រួសក្រហម ជាពិសេសស្រុកបានទទួលផ្លូវក្រាលកៅស៊ូមានផ្លូវលេខជាតិលេខ៧០ប្រវែង១៣គីឡូម៉ែត្រនិងផ្លូវខេត្ត លេខ២៧០ ប្រវែង១៧គីឡូម៉ែត្រ, ស្ថាបនាស្ពានភូមិថ្មី, ស្ពានពាមជីកង, ស្ពានពាមក្នុង, ស្ពានអូរកណ្តោល, ស្ពានរកាគយ, ស្ពានព្រែកលីវ, ស្ពានព្រែកតូច, ស្ពានព្រែកប៉ារាយ, ស្ពានអូរស្វាយ, ស្ពានគោហ៊េ, ស្ពានកងជ័យនិងស្ពានថ្នាលដាច់​ ។ ​

លោកបន្តទៀតថា​ ឆ្នាំ២០១៧កន្លងទៅ​ សម្តេចតេជោហ៊ុន​ សែន បានឱ្យកាដូនូវផ្លូវចំនួន២ខ្សែ ជូនប្រជាពលរដ្ឋស្រុកកងមាស​ គឺខ្សែទី១ផ្លូវបេតុងប្រវែង៥គីឡូម៉ែត្រ (ទទឹង៥ម៉ែត្រ)ស្ពានបេតុងមួយប្រវែង៣៦ម៉ែត្រ នៅឃុំព្រែកក្របៅ និងខ្សែទី២​ ផ្លូវក្រាលកៅស៊ូប្រវែង១៧គីឡូម៉ែត្រ(ទទឹង៦ម៉ែត្រ)នៅឃុំរាយប៉ាយ និងឃុំព្រែកកុយ​ មានស្ពានឆ្លងព្រែកស្ទឹងឆ្វេងជាដើម​ ។ ​

នៅថ្ងៃនោះដែរលោកលី​ សាម៉េត​ និង​ លោកឧកញ៉ាឌី​ ប៉ូ​ បានចំណាយធនធានផ្ទាល់ខ្លួនចែករំលែកជូ​នដល់បងប្អូនប្រជាពលរដ្ឋ១៥៧៧គ្រួសាររួមមាន សារុង១ អាវ.មួក និងថវិកា២ម៉ឺនរៀល សរុបអស់ថវិកា៧៥លាន៦សែនរៀល។ ឧបត្ថម្ភជូនគណបក្សឃុំពាមជីកង១លានរៀល, គណបក្សស្រុកកងមាស២លានរៀល, គណបក្ស ឃុំគរ​ ស្រុកព្រៃឈរ១លានរៀល និងកងកម្លាំងប្រដាប់អាវុធ១លានរៀល, សរុប​ ៧លានរៀល​។ ដោះស្រាយសំណើរួមមាន​ គណបក្សស្រុកកងមាស អាវ-មួកចំនួ​ន៥០០, គណបក្សឃុំពាមជីកង​ អាវ-មួកចំនួន១០០០,សាខាភូមិដំណាក់ជ្រៃ អាវមួកចំនួន៥០០,គណបក្សស្រុកព្រៃឈរអាវមួកចំនួន៥០០និងគណបក្សឃុំគរ​ ស្រុកព្រៃឈរចំនួន ៥០០ សរុបអស់២៤លានរៀល​។ សរុបរួមអស់១០៦លាន៦០០ពាន់រៀលស្មើនឹង២៦,៦៥០ដុល្លារ៕