(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានថ្លែងថា «យើងរួមសុខ រួមទុក្ខ រួមគ្នាដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម»។

លោកអភិបាលខេត្តបានថ្លែងបែបនេះ ទៅកាន់សមាជិក សមាជិកាគ្រួសារបក្សប្រជាជនកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងកុក កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ខេត្តកំពង់ចាម បានទទួលនូវសមិទ្ធិផលជាច្រើន ចាប់តាំងពីអតីតលោក ហ៊ុន ណេង បច្ចុប្បន្នជាអំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោក លន់ លឹមថៃ បច្ចុប្បន្ន ជាប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ដែលបានរួមគ្នា កសាងសមិទ្ធិផល ជាច្រើនទុកជាមរតកសម្រាប់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ពិសេសក្នុងក្រុងកំពង់ចាម ដែលបានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ផ្លូវថ្នល់ សាលារៀន ប្រឡាយទឹក ជាមួយនិងសំណង់ សួនច្បារ ការរៀបចំសោភ័ណភាពទីក្រុង ជាបន្តបន្ទាប់ រហូតបានទទួលការវាយតម្លៃ ពីថ្នាក់ជាតិបានជា ទីក្រុងស្អាតរំដួល៣ទង ដែលនេះ ជាមោទនភាពរបស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា ការចូលរួមចំណែកពីបងប្អូនប្រជាពលរដ្ឋ ដែលតែងតែផ្តល់ការគាំទ្រ ផងដែរ។

ការចូលមកបន្តជាអភិបាលខេត្ត បានជាងមួយឆ្នាំលោក គួច ចំរើន បានរំពឹងទុកថា ប្រជាពលរដ្ឋនៅតែបន្តចូលរួមសហការគាំទ្រ ដើម្បីអភិវឌ្ឍន៍ក្រុងកំពង់ចាមឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋ រស់នៅប្រកបដោយផាសុខភាព និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនា កំសាន្ត មានការកើនឡើងថែមទៀត និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋតាមរយៈការចាយលុយរបស់ភ្ញៀវទេសចរណ៍នៅក្នុងខេត្តកំពង់ចាម នាថ្ងៃអនាគតខាងមុខនោះ។

លោក គួច ចំរើន បានថ្លែងទៀតថា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ សូមសមាជិក សមាជិកា គ្រួសារបក្សប្រជាជនកម្ពុជា ត្រៀមឯកសារអោយបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា ដែលមានលេខរៀងទី២០ ហើយពិតណាស់ថា គណបក្សប្រជាជនឈ្នះឆ្នោត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដឹកនាំឲ្យមានសុខសន្តិភាព និងការអភិវឌ្ឃន៍បន្តបន្ទាប់ទៀតក្នុងអាណត្តិខាងមុខ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការដែលបងប្អូនទៅបោះឆ្នោត គឺចង់រក្សាសន្តិភាព និងចង់ឃើញការរីកចំរើនរបស់ប្រទេសជាតិបន្តទៀតផងដែរ៕

\