(ព្រៃវែង)៖ លោក ស សុខា អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ទីស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ លោក ស សុខា បានកោតសរសើរចំពោះមនុស្ស២នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងស្នាក់ការ សសយក ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ពិធីនេះក៏មាន
អ្នកចូលរួមប្រមាណជិត៧០០នាក់។
មនុស្សដែលលោក ស សុខា ថ្លែងសរសើរជាងគេ នាឱកាសនោះ៖
ទី១៖ លោក សក ឡី ជាអនុប្រធានក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ព្រោះលោកបានចំណាយថវិកាទាំងស្រុង សាងសង់ និងទិញសំភារៈតុបតែងដាក់ក្នុងស្នាក់ការ ព្រមទាំងការចំណាយមួយចំនួនធំ ក្នុងកម្មវិធីសម្ពោធ
ទី២៖ លោក ផេង វណ្ឌី សមាជិកក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ដែលបានចំណាយពេលវេលា កំលាំងកាយចិត្ត ដឹកនាំក្រុមជាងសាងសង់ រយៈពេល ៦ខែ។
លើសពីនេះទៅទៀត លោក ស សុខា ក៏ថ្លែងសរសើរចំពោះការប្រឹងប្រែងធ្វើសកម្មភាពនានា សំដៅជួយដល់ យុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយអន្ទររបស់ សសយក ស្រុក ដែលមានលោក លីនី ភីដែន និងក្រុមការងារ សសយក ចុះជួយស្រុក ដែលមានលោក ទូច វណ្ណៈ ជាប្រធាន។
បើតាមរបាយការណ៍សកម្មភាពក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ដែលអានដោយលោក ទូច វណ្ណៈ ត្រឹមរយៈពេល៨ខែ និង១៤ថ្ងៃ ក្រុមការងារចុះជួយធ្វើសកម្មភាព មនុស្សធម៌ ជាច្រើន ចំណាយអស់ថវិកា ១១០៧៥ដុល្លារ។
ចំពោះការសាងសង់ស្នាក់ការ និងទិញសំភារៈតុបតែងក្នុង ស្នាក់ការនោះ រួមមាន៖ តុប្រជុំ តុការិយាល័យ កុំព្យូទ័រ សំរាប់បើកវគ្គបណ្តុះបណ្តាលដល់យុវជន ដោយឥតគិតថ្លៃ ដែលថវិកាផ្ទាល់របស់លោក សក ឡី ចំណាយអស់ ២៧ ០០០ដុល្លារ ព្រមទាំងចំណាយរួមក្នុងកម្មវិធីសម្ពោធ ៦៥២៦ដុល្លារទៀត សរុបទាំងសកម្មភាពមនុស្សធម៌ និងការសាងសង់ស្នាក់ការ គិតត្រឹមថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០១៨ ក្រុមការងារ សសយក ចុះជួយស្រុកស្វាយអន្ទរ ចំណាយអស់ថវិកាសរុប ចំនួន៤២៦០១ដុល្លារ។
ក្នុងឱកាសអញ្ជើញជាគណៈអធិបតីសម្ពោធទីស្នាក់ការ សសយក ស្រុកស្វាយអន្ទរ លោក ស សុខា ក៏ផ្តល់អំណោយជូនពលរដ្ឋក្រីក្រចំនួន២០គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ២យួរ អំបិល ១គីឡូ ស្ករស ១គីឡូ ទឹកសុទ្ធ ២យួរ និងថវិកា ៤ម៉ឺនរៀល និងក្មេងកំព្រាពីរនាក់បងប្អូន ទទួលបានថវិកា ១០០ ដុល្លារ អង្ករ ៥០គីឡូ មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ព្រមទាំងរៀបចំអាហារសាមគ្គីជូនអ្នកចូលរួមជិត ៧០០នាក់ផងដែរ។
សូមបញ្ជាក់ថា ទីស្នាក់ការ សសយក ស្រុកស្វាយអន្ទរ ចាប់ផ្តើមសាងសង់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ និងរួចរាល់ជាស្ថាពរ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ គឺរយៈពេល ៦ខែគត់ ដែលមានទំហំ ៥ម៉ែត្រ គុណនឹង១៦ម៉ែត្រ ស្ថិតនៅភូមិស្វាយអន្ទរ១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕