(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំ បានអញ្ជើញជាអធីបតី ក្នុងពិធីជួបសំណេះសំណាលជាមួយភ្នាក់ងារសង្កេតការណ៍ ប្រចាំស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំសរុបមានចំនួន៥៤០នាក់ ។
ក្នុងឱកាសនោះ លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគ្រប់រូប ក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន។ លោក ចាយ បូរិន ក៏បានណែនាំដល់សមាជិកចូលរួមទាំងអស់ បន្តយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយ រួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយសាសនា ឬបក្សពួកឡើយ។
អ្នកតំណាងរាស្រ្ត ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនេះលោកតំណាងរាស្រ្តក៏បានគូសបញ្ជាក់ផងដែរថា សន្តិភាព និងស្ថេរភាពនយោបាយមានតម្លៃធំជាងអ្វីៗទាំងអស់ ដែលទាមទាឱ្យយើងត្រូវតែរួបរួមគ្នាថែរក្សា ការពារឱ្យបានស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តន៍ ព្រោះយើងធ្លាប់បានភ្លក្សហើយនូវរសជាតិសង្គ្រាមកាលពីអតីតកាល ទំរាំយើងរកបានសន្តិភាពមកវិញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីឆ្នាំ១៩៩៨។
ទន្ទឹមនឹងនេះ អ្នកតំណាងរាស្រ្តក៏បានផ្តល់ការណែនាំ ចែករំលែកបទពិសោធន៍ ចំណេះដឹងលើការងារបោះឆ្នោត ដោយបានពន្យល់ពីច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងការបោះឆ្នោត ជូនដល់សមាជិកចូលរួមទាំងអស់ ដើម្បីមានមូលដ្ឋានយកទៅអនុវត្ត។ លោក ចាយ បូរិន ក៏បានលើកឡើងផងដែរពីក្រមសីលធម៌របស់អ្នកសង្កេតការណ៍ និងភ្នាក់ងារសង្កេតការណ៍ ដែលត្រូវយកចិត្តទុកដាក់អនុវត្តក្នុងពេលបំពេញភារកិច្ចរបស់ខ្លួនដោយជំហរអព្យាក្រិត មិនលម្អៀង ដើម្បីចូលរួមធានាឱ្យការបោះឆ្នោតនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព។
អ្នកតំណាងរាស្រ្ត ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋាន និងសមាជិកចូលរួមទាំងអស់យកចិត្តទុកដាក់ ជំរុញឱ្យប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ និងមានរូបទេវតាបាចផ្កាជាសំគាល់ នៅលើសន្លឹកឆ្នោតខាងស្តាំដៃក្រោមគេបង្អស់ ដើម្បីបន្តលើកម្ពស់ការអភិវឌ្ឍ និងការរីកចម្រើនបន្ថែមទៀត ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕