(កំពង់ចាម)៖ ក្នុងគោលបំណងស្វែងយល់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ លោក ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ បាននាំយកអំណោយរបស់លោក ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ១១០០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍អំពី អំណោយរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងកុដិមួយខ្នងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ កម្ពស់២ជាន់ ប្រក់ក្បឿង ដែលត្រូវចំណាយថវិកាប្រមាណ៤ម៉ឺនដុល្លារ បានកសាងរួចរាល់បានប្រមាណ៧០ថភាគរយ ក្លាយទៅជាសមិទ្ធិផលថ្មីមួយនៅវត្ត ទងត្រឡាច។

លោក ឡូវ ហ៊ឹង បានថ្លែងថា រាជរដ្ឋាភិបាលបាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។

លោក ឡូវ ហ៊ឹង បានបន្តថា ប្រជាពលរដ្ឋត្រូវរួមគ្នាថែររក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ រួមគ្នាថែររក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅជំនាន់ក្រោយៗទៀត។

ដោយឡែក មន្រ្តីរាជការត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណះឲ្យបានល្អប្រសើរ​​ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រួមគ្នាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈអនុវត្តឲ្យបាននូវគោល នយោបាយរបស់ រាជរដ្ឋាភិបាលស្តីពីភូមិ ឃុំមានសុវត្ថិភាព ជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀន បងតូច បងធំ និងក្រុមក្មេងទំនើង ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញុះរបស់ជនអគតិមួយក្តាប់តូចដែលតែងតែ រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលោក ឡូវ ហ៊ឹង បានផ្តាំផ្ងើរដល់ប្រជាពលរដ្ឋថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខនេះ ហើយសូមជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខ និងបានរំដោះបងប្អូនប្រជាពលរដ្ឋអោយមានសិទ្ធសេរីភាព រហូតមកដល់បច្ចុប្បន្ន មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងបានធានាបាននូវសន្តិសុខ ស្ថេរភាព សន្តិភាពជូនប្រទេសជាតិ។

លោក ឡូវ ហ៊ឹង បានអញ្ជើញចែកអំណោយរបស់លោក ហ៊ុន ម៉ាណែត ជាសារ៉ុងប្រមាណ១១០០សម្រាប់ និងថវិកាមួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋ នៅភូមិទងត្រឡាច និងភូមិជន្លាត់ដៃ ក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនក្នុងការរៀបចំកម្មវិធីផងដែរ៕