(ព្រៃវែង)៖ កូនឈើគ្រញូងជាង១ម៉ឺនដើម ត្រូវបានចែកជូនប្រជាពលរដ្ឋជាង៣,០០០នាក់ នៅឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ដើម្បីសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដុះ ការពារថែរក្សាព្រៃឈើ ក្នុងការជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្ត្រ ក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្ម និងបង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គម។
ថ្លែងក្នុងពិធីនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ លោក ជាម ប៉េអា អនុប្រធានទី១ចុះជួយស្រុកស៊ីធរកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល បានពន្យល់ប្រជាពលរដ្ឋរស់នៅឃុំព្រៃដើមថ្នឹង ឲ្យចូលរួមរក្សាសុខសន្តិភាពដែលរកបានដោយកម្រ ដើម្បីធានាការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន។
លោក ជាម ប៉េអា ក្នុងនាមជាបេក្ខជនតំណាងរាស្ដ្របម្រុងលេខរៀងទី១ នៅមណ្ឌលព្រៃវែង ក៏បានបញ្ជាក់ថា សនិ្តភាពដែលរកបានដោយកម្រ ពិតជាពុំអាចកាត់ថ្លៃបានឡើយ ហេតុនេះប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវតែចូលរួមលើកតម្កើង និងថែរក្សាសន្តិភាពឲ្យបានគង់វង្សជានិច្ចនិរន្តរ។
លោកបានបន្តពន្យល់ប្រជាពលរដ្ឋបន្ថែមទៀតថា ប្រជាពលរដ្ឋគ្រប់ៗរូបត្រូវមើលឃើញពីតម្លៃសន្តិភាពដ៏មហាសាលនេះ ហើយលោកបានប្រៀបធៀប ការចែកកូនឈើគ្រញូងនេះ ហាក់ដូចជានិមិត្តរូបមួយ នៃកូនខ្មែរជំនាន់ក្រោយដែលបង្ហាញនូវការកើតចេញពីសន្តិភាព មនុស្ស ឬគ្រាប់ពូជសន្តិភាព ត្រូវបានយកទៅសាបព្រោះគ្រប់ទីកន្លែង ដើម្បីឲ្យគ្រប់ពូជនេះកា្លយទៅជាគ្រាប់ពូជមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ប្រទេសជាតិ និងសកលលោកគាំទ្រយ៉ាងមហិមា។
ជាមួយគ្នានេះ លោក ជាម ប៉េអា បានផ្តាំផ្ញើប្រជាពលរដ្ឋត្រូវខិតខំចូលរួមថែរក្សាសុខសន្តិភាពបច្ចុប្បន្ន ដោយអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៦ នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។ លោកសង្កត់ធ្ងន់ថា «បើយើងទាំងអស់គ្នានៅតែចូលរួមថែរក្សាសុខសន្តិភាព ជាមួយគណបក្សប្រជាជនរហូត ហើយយើងឈ្នះរហូត ហើយសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្ត្រីរហូតនោះ ប្រទេសកម្ពុជាកាន់តែអភិវឌ្ឍរីកចម្រើន»៕