(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយក្រុម Tianwen Technolocy (Beijing) និងក្រុមហ៊ុន Huawei (Cambodia) លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំនៅកម្ពុជា។

អនុស្សរណៈ នៃការយោគយល់នេះភាគីទាំងបី នឹងធ្វើការសហការរួមគ្នាលើការលើកកម្ពស់គុណភាពអប់រំ តាមរយៈការធ្វើទំនើបកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសដល់សិស្ស និងសាធារណជនទូទៅ ឱ្យទទួលបានសេវាអប់រំប្រកបដោយគុណភាព និងធនធានអប់រំសម្បូរបែប បម្រើការបង្រៀន និងការរស់នៅប្រសើរជាងមុន។

ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលដៅផ្តល់សេវាអប់រំប្រកបដោយសមធម៌ កាត់បន្ថយគម្លាតនៃការអប់រំ រវាងទីក្រុង និងជនបទ ក្រសួងអប់រំ យុវជន និងកីឡា ទើបបានចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ស្តីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ ក្នុងវិស័យអប់រំ នាពេលថ្មីៗនេះ ក្នុងគោលបំណងរៀបចំជាយុទ្ធសាស្ត្រឱ្យកាន់តែមានភាពច្បាស់លាស់ មានស្ថិរភាព និងប្រសិទ្ធភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ប្រកបដោយភាពសក្តិសមក្នុងវិស័យអប់រំនៅកម្ពុជា។

ជាមួយគ្នានេះ ដោយមើលឃើញការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ របស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់នូវយុទ្ធសាស្ត្រ ធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលចិន ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗរបស់ចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ក្នុងវិស័យអប់រំនៅកម្ពុជា ដែលនឹងផ្តោតសំខាន់លើផ្នែកមួយចំនួនរួមមាន៖

* ការអភិវឌ្ឍសៀវភៅសិក្សាគោល និងសម្ភារៈឧបទេសឌីជីថលពាក់ព័ន្ធមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងវិទ្យាសាស្ត្រស្របតាមកម្មវិធីសិក្សារបស់ក្រសួង។

* អភិវឌ្ឍ និងអនុវត្តប្រព័ន្ធស្វ័យសិក្សា (MOOCs)។

* កសាងមជ្ឈមណ្ឌលទិន្នន័យអប់រំ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិច។

* លើកកម្ពស់គម្រោងសាលារៀនជំនាន់ថ្មី។

* ការបោះពុម្ពសៀវភៅសិក្សាគោល។

* ការបណ្តុះបណ្តាលធនធានមនុស្សលើបំណិនបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍៕