(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ដែលមកពីមន្ទីរពេទ្យ កុមារជាតិ និងមន្ទីរពេទ្យព្រះកុសុមៈ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានឲ្យដឹងផងដែរថា ការយកសេវាសុខភាព មកដល់ទីតាំងក្បែរផ្ទះរបស់ប្រជាពលរដ្ឋនេះ ដើម្បីជួយលើកកម្ពស់សុខភាពឲ្យបានកាន់តែប្រសើរឡើងមួយកម្រិតទៀត ហើយក៏ជួយសម្រួលការលំបាក សម្រាប់បងប្អូនដែលមានជីវភាពក្រីក្រមួយចំណែកដែរ ពិសេសជនពិការ និងចាស់ជរា ។
សូមជម្រាបថា ការពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ មានដូចជា៖ ជំងឺទូទៅ, ជំងឺស្ត្រី, កុមារ, ពិនិត្យអេកូពោះ, ចែកឱសថ និងវ៉ែនតា ក្នុងនោះពួកគាត់មកទទួលយកការពិនិត្យ និងព្យាបាលប្រមាណ៤០០នាក់ផងដែរ ៕