(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ដចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឃុំគោកបឋិន ស្រុកថ្មពួក ដែលអតីតកាលជាមូលដ្ឋានតស៊ូកាលពីសម័យសង្គ្រាម និងឃុំប៉ោយចារ ស្រុកភ្នំស្រុក ប្រមាណជាង១,៧០០នាក់។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី សេរី កុសល បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដល់សមាជិក សមាជិកា ប្រជាពលរដ្ឋទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងពីប្រវត្តិដ៏ជូរជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជា បានជួបប្រទះក្នុងសម័យតស៊ូ ជាក់ស្តែងនៅឃុំគោកកឋិន ដែលជាសមរភូមិប្រយុទ្ធត្រីភាគី ក្នុងសម័យសង្គ្រាម ហើយពេលនោះដែរ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិ ចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ហើយបាននាំសុខសន្តិភាព ស្ថិរភាព ពេញផ្ទៃប្រទេស។
ទេសរដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលទទួលបានយ៉ាងលំបាក។ យ៉ាងណាក៏ដោយ បើគ្មានថ្ងៃ៧មករាទេ ក៏គ្មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ។
លោកក៏បានបញ្ជាក់ពីល្បិចកលរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដែលញុះញង់ បំបែកបំបាក់ជាតិ ចង់បង្កើននូវចលនាបដិវត្តពណ៌ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ រហូតត្រូវបានតុលារកំពូលរំលាយ ដែលទង្វើទាំងអស់នោះ គឺកើតចេញពីក្រុមអតីតគណបក្សសង្គ្រោះជាតិ មានការបែកបាក់ផ្ទៃក្នុង និងក្បត់គ្នាទៅវិញទៅមក។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី សេរី កុសល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីរក្សាបាននូវសុខសន្តិភាព ស្ថេរភាព ការអភិវឌ្ឍន៍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើន។
ជាការឆ្លើយតប ប្រជាពលរដ្ឋទាំងអស់បានធ្វើការប្ដេជ្ញាចិត្តថា នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃខាងមុខ ព្រោះពួកគាត់ស្រលាញ់សន្ដិភាព និងត្រូវការការអភិវឌ្ឍបន្ដទៀត។ ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ដ្រី សេរី កុសល បានរៀបចំពិសារនំកញ្ចុកសាមគ្គីជាមួយប្រជាពលរដ្ឋជាង១,៧០០នាក់ផងដែរ៕