(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន៣២០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសអរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងបក្សមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្ស, សម្ដេច សាយ ឈុំ និងសម្ដេចក្រឡាហោម ស ខេង។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានបញ្ជាក់ថា គោលនយោបាយយុទ្ធសាស្ត្រ និងពលិកម្មរបស់សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋភាពក្រីក្រឲ្យមានជីវភាពធូរធារ ប្រសើរឡើងដោយបានបង្កើនទំនាក់ទំនងល្អគៀកប្រទេសជិតខាង ប្រែក្លាយអតីតតំបន់សមរភូមិ នៅក្នុងប្រទេសឲ្យក្លាយជាតំបន់ទីផ្សារ ប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឲ្យក្លាយជាតំបន់សន្តិភាព សហប្រតិបត្តិការមិត្តភាព និងអភិវឌ្ឍន៍ ការដាក់ពង្រាយរោងចក្រ សាលារៀនទៅដល់មូលដ្ឋាន។ល។ ទាំងអស់នេះធ្វើឡើងក្នុងគោលបំណងជួយជំរុញបង្កើនឱកាសការងារ មុខរបរ ចំណេះដឹង ជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើន ហើយបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ កូនក្មួយកម្មករ និងអរគុណពាណិជ្ជករព្រមទាំងជនរួមជាតិដែលកន្លងមកបានបោះឆ្នោតគាំទ្រគណបក្សប្រជាជននិងសូមបន្តទៅបោះឆ្នោតគាំទ្រនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នា លេខរៀងទី២០ ងាយចាំ ងាយគិត ស្រួល់គូសដើម្បីសម្តេចតេជោហ៊ុនសែនមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកលូតលាស់ទៅមុខ ។
ជាវប្បធម៌ចែករំលែក និងគិតគូរពីសុខទុក្ខ លោក កែ គឹមយ៉ាន បាននាំយកអំណោយជាថវិកា សម្ភារ និងចែកជូនមាន កម្មករ កម្មការិនី និយោជិក សរុប៣០០០នាក់ ម្នាក់ៗ សារ៉ុង១ ថវិកា២ម៉ឺនរៀល, ប្រជាការពារ សន្តិសុខ តំបន់សេដ្ឋកិច្ចពិសេសអូរនាង ១៥០នាក់ម្នាក់ៗ សារ៉ុង១ ថវិកា២ម៉ឺនរៀល, កម្មការិនី មានផ្ទៃពោះ៧០នាក់ ម្នាក់ៗសារ៉ុង១ ថវិកា ៥ម៉ឺនរៀល និងក្រុមគ្រូពេទ្យ ថវិកា៥០ម៉ឺនរៀល៕