(ភ្នំពេញ)៖ សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបន្ដជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តនិរន្តរភាព នៃការអភិវឌ្ឍជាតិកាន់តែប្រសើរជាលំដាប់ ។

លោកថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលសកម្មជន សមាជិកបក្ស ជាង២០០នាក់ នៅសង្កាតក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្នើដល់សមាជិក សមាជិកាទាំងអស់ ឲ្យយកចិត្តទុកដាក់ សិក្សាស្វែងយល់ពីបុព្វហេតុ នៃការកកើតរបស់គណបក្ស ជាពិសេសបេសកកម្មជាប្រវតិ្តសាស្រ្ត របស់គណបក្សក្នុងដំណាក់កាល៤០ឆ្នាំចុងក្រោយ។ ថ្វីត្បិតតែយុវជនខ្លះមិនបានឆ្លងកាត់សម័យកាលទាំងនោះក៏ពិតមែន ក៏ប៉ុន្តែយុវជន គឺជាអ្នកទទួលផលពីសមិទ្ធផលទាំងនេះ ដែលគួរឲ្យតម្លៃ រៀនសូត្រ ចងចាំ និងបន្តជឿជាក់លើគណបក្សក្នុងការបន្តដឹកនាំ បង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។

លោកបន្ដថា ពិសេសក្នុងបរិបទនយោបាយថ្មីៗនេះ ដែលមានការប៉ុនប៉ងបង្កចលាចល និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានកម្លាំងខាងក្រៅនៅពីក្រោយផែនការយ៉ាងណាកី្ត គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពចាស់ទុំផ្នែកនយោបាយ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសជាតិ។ ប្រឈមនឹងស្ថានការណ៍នេះ ទោះជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវភាពម្ចាស់ការ រឹងមាំតែប្រកាន់ខ្ជាប់នូវវិន័យ និងសេចកី្តថ្លៃថ្នូរ គោរពបទបញ្ជារបស់ប្រមុខដឹកនាំបក្ស យ៉ាងម៉ឹងម៉ាត់ ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពរបស់សង្គមជាតិ។

លោក ម៉ម ប៊ុនហេង ថ្លែងទៀតថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានរួមរស់សុខទុក្ខជាមួយប្រជាពលរដ្ឋ ហើយរយៈពេល៣៩ឆ្នាំកន្លងមកនេះ ផ្តើមពីជ័យជម្នះ៧មករា សង្គមកម្ពុជាមានការផ្លាស់ប្តូរយ៉ាងធំធេងដែលពុំអាចនឹកស្មានដល់។ កម្ពុជា បានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្រ្គាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីគំនរផេះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ការពិតជាក់ស្តែងទាំងអស់នេះ កាន់តែឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា គណបក្សប្រជាជន ជារបស់ប្រជាជនខ្មែរយើង ដូច្នេះដើម្បីទទួលបាននូវការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរបន្ថែមទៀត សូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ពិសេសប្រុងប្រយ័ត្ន ក្នុងរដូវវស្សានេះ និងត្រូវសម្អាតអនាម័យជុំវិញគេហដ្ឋាន ឲ្យបានស្អាត កុំឲ្យមានជម្រកមូសខ្លា ចម្លងជំងឺគ្រុនឈាមជាដាច់ខាន ៕