(កណ្តាល)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល បានជួបសំណេះសំណាល ជាមួយគ្រូបង្រៀន និងគ្រូពេទ្យ ប្រមាណ១២០០ នាក់ ដែលជាសកម្មជនរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមុខកំពូល ខេត្តកណ្តាល ។

ថ្លែងក្នុងឱកាសនេះ លោក វង្សី វិស្សុត បានសម្តែងនូវគារវកិច្ចយ៉ាងកក់ក្តៅជូន ចំពោះបងប្អូនលោកគ្រូនិងអ្នកគ្រូ និងគ្រូពទ្យដែលបានចូលរួមក្នុងកម្មវិធីនេះ ហើយការជួបជុំគ្នាថ្ងៃនេះ លោកចង់ឆ្លៀតឱកាសសំណេះសំណាលសួរសុខទុក្ខផង និងចង់ចែករំលែកនូវចំណេះដឹងស្តីពីដំណើរការអភិវឌ្ឍ របស់រាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលប្រមាណ ២០ឆ្នាំ និងគោលដៅគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសតទៅមុខទៀត ហើយក៏ចង់ផ្តល់ការវាយតម្លៃមួយចំនួនលើស្ថានភាពសេដ្ឋកិច្ចនយោបាយក្នុងប្រទេស និងសាកល សម្រាប់ជាចំណីគំនិតដល់បងប្អូនលោកគ្រូ អ្នកគ្រូ គ្រូពេទ្យ យកទៅពិចារណា។

លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាជាប្រជាជាតិមួយដែលមានប្រវត្តិសាស្រ្តប្រមាណ ២០០០ ឆ្នាំ ដែលមានអាយុចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ តែប្រជាជាតិមួយនេះ បានជួបប្រទះទាំងភាពរុងរឿង ទាំងការធ្លាក់ចុះដុនដាប រួចត្រូវបានហែកហួរ ដោយប្រទេសជិតខាង មុននឹងមានវត្តមាននៃអាណានិគមនិយមបារាំងនៅកម្ពុជាបានជួយការពារកម្ពុជាពីការឈ្លានពានពីសំណាក់ប្រទេសជិតខាងក៏ប៉ុន្តែបារាំងក៏បានប្រព្រឹត្តនូវអំពើបាបមួយចំនួនមកលើកម្ពុជា ដែលបានបន្សល់នូវមរតកបញ្ហាយ៉ាងច្រើនដល់ប្រទេសយើងមកទល់សព្វថ្ងៃនេះ។

លោកបានគូសបញ្ជាក់ថា ចាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលចំណុចចាប់នៃការរស់រានឡើងវិញរបស់ប្រជាជាតិក៏កំសត់មួយនេះ ក្រោមការហ៊ុព័ទ្ធសេដ្ឋកិច្ចនិងនយោបាយពីសំណាក់ប្រទេសមហាអំណាច រហូតដល់ការចាប់បដិសន្ធិនៃរាជាណាចក្រជាលើកទី២ ក្នុងឆ្នាំ១៩៩៣ ដែលជាបរិបទមួយដ៏សំខាន់នៅប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយបន្តដល់ថ្ងៃនេះ ប្រទេសកម្ពុជា ទើបតែទទួលបានសុខសន្តិភាពពេញលេញ ក្រោមដំបូលរដ្ឋាភិបាលតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ក្រោមព្រះមហាក្សត្រតែមួយ បានត្រឹមរយៈពេល ២០ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។

លោកបន្តថា កិច្ចខិតខំប្រឹងប្រែងកសាងប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលនេះ បានធ្វើឱ្យប្រទេសកម្ពុជា ផ្លាស់ប្តូរមុខមាត់យ៉ាងលឿន ពោលគឺធ្វើឱ្យទៅជាប្រទេសមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនេះ មានហេដ្ឋារចនាសម្ព័ន្ធលូតលាស់គ្រប់កន្លែង ប្រជាជនមានជីវភាពធូធារ រហូតបានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ កន្លងទៅ។

លោកបានធ្វើការប្រៀបធៀបជូនសមាជិក សមាជិកានៃអង្គពិធីទាំងមូលថា ក្នុងក្របខណ្ឌនៃកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំអស់រយៈពេលជិត ២ទសវត្សរ៍មកនេះ ទំហំសេដ្ឋកិច្ចប្រទេសយើង គិតជា ផសស នៅឆ្នាំ២០០០ មានត្រឹមតែ ៣ ៦៤៩ លានដុល្លារ ហើយបើគិតក្នុងប្រជាជនម្នាក់គឺមានត្រឹម ២៨៨ ដុល្លារ រីឯទំហំពាណិជ្ជកម្មមានត្រឹម ៣ ៣៣៧ លានដុល្លារប៉ុណ្ណោះ តែមកដល់ ឆ្នាំ២០១៨ នេះ សេដ្ឋកិច្ចកម្ពុជាមានទំហំ ដល់ទៅ ២៤ ៦០៥ លានដុល្លារ បើគិតជាមនុស្សម្នាក់គឺប្រមាណ ១ ៥៦៣ ដុល្លារ ហើយពាណិជ្ជកម្ម គឺកើនដល់ ២៨ ០៣៦ លានដុល្លារ។ ជាងនេះទៅទៀត នៅក្នុងក្របខណ្ឌគោលនយោបាយរបស់រដ្ឋាភិបាល ក៏មានការគិតគូរយ៉ាងដិតដល់លើការបែងចែកកំណើននេះទៅដល់ដៃប្រជាជនផ្ទាល់ តាមរយៈយន្តការមានដូចជា៖ ការដំឡើងប្រាក់ខែមន្ត្រីរាជការ, ការកាត់បន្ថយ ឬលុបបំបាត់ពន្ធ និងអាករផ្សេង, ការពង្រឹងគុណភាពសេវាសាធារណៈ, ការបន្ថយថ្លៃអគ្គីសនី, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគាំពារសង្គម, ។ល។ លោក បានសង្កត់ធ្ងន់ថា ការទទួលបាននូវការអភិវឌ្ឍ និងការរីកចំរើនរបស់កម្ពុជាយ៉ាងលឿននេះ គឺមិនអាចធ្វើទៅបានឡើយបើសិនជាមិនមានសន្តិភាព ស្ថិរភាពនយោបាយ និងមេដឹកដែលខ្លាំងពូកែ។

ជាការវាយតម្លៃ លោកបានលើកឡើងថា កំណើនរបស់ប្រទេសកម្ពុជានេះ គឺស្របពេលដែលពិភពលោក ក៏ដូចជាតំបន់អាស៊ីកំពុងស្ថិតនៅក្រោមនិន្នាការធំៗចំនួន ០៤ គឺ៖ (ទី១). ពហុប៉ូលនៃពិភពលោក, (ទី២).ការក្លាយខ្លួនជាមជ្ឈមណ្ឌលកំណើន សេដ្ឋកិច្ចពិភពលោករបស់អាស៊ី ពោលគឺអាស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ, មានទំហំសេដ្ឋកិច្ចជាងគេ និងក្លាយជាមូលដ្ឋានផលិតកម្ម និងជាកន្លែងនៃការប្រើប្រាស់ធំជាងគេថែមទៀត, (ទី៣).បដិវត្តឧស្សាហកម្ម ៤,០ និង (ទី៤).ការប្រែប្រួលអាកាសធាតុ។ ក្រោមនិន្នាការទាំងនេះ សតវត្សន៍ទី២១ នេះគឺជាសតវត្សន៍របស់ទ្វីបអាស៊ី ហើយបើតាមការព្យាករណ៍័របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា នៅឆ្នាំ២០៥០ ប្រទេសចិននឹងក្លាយជាសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក តាមពីក្រោយដោយ ប្រទេសឥណ្ឌា, សហរដ្ឋអាមរិក, ជប៉ុន និងឥណ្ឌូនេស៊ី។

លោកក៏បានធ្វើកត់សម្គាល់ថា ក្នុងចំណោមប្រទេសទាំង ៥ នេះ មាន ៤ ប្រទេសស្ថិតក្នុងទ្វីបអាស៊ី ដូច្នេះក្នុងបរិការណ៍ខាងលើនេះ កម្ពុជាអាចចាប់យកកាលានុវត្តភាពមួយចំនួន មកធ្វើការអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសម្រេចឱ្យបានគោលដៅ ក្លាយជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ តាមរយៈការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌអាស៊ាន ទៅក្នុងតំបន់អាស៊ី និងសាកលលោកដែលមាន ចិន និងឥណ្ឌាជាអ្នកដឹកមុខខាងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ ក៏ប៉ុន្តែដើម្បីទៅដល់គោលដៅនេះ ប្រទេសយើងក៏នៅមាន បញ្ហាប្រឈមជាច្រើន មានដូចជា៖ បញ្ហាផលិតភាពទាប និងកម្លាំងពលកម្មជំនាញនៅមានកម្រិត, ចំណាយខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម និងធុរកិច្ច, ថ្លៃអគ្គិសនីនៅខ្ពស់ជាងប្រទេសជិតខាង, សម្ពាធថ្លៃម្ហូបអាហារ, តម្លៃបន្ថែមទាបក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍, និន្នាការកើនឡើងជាបន្តបន្ទាប់នូវ ប្រាក់ឈ្នួលអប្បបរមា, បញ្ហាជំនាញមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ និងស្ថិរភាពទីផ្សារពលកម្ម, បញ្ហាទំនាក់ទំនងវិជ្ជាជីវៈ ក្នុងវិស័យឧស្សាហកម្ម, ផ្នែកសម្របសម្រួលស្ថាប័ន និងនីតិវិធីពាក់ព័ន្ធ និងបញ្ហាប្រសិទ្ធភាពនៃសេវាសាធារណៈ ព្រមទាំងបញ្ហាដទៃ ទៀត ដូចជា បញ្ហាទីផ្សារ និងតម្លៃកសិផល, ការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ដែលនឹងអាចប៉ះពាល់ដល់ភាព ប្រកួតប្រជែងរបស់កម្ពុជា និងការប្រកួតប្រជែងកាន់តែខ្លាំងពីមីយ៉ាន់ម៉ា និងវៀតណាម ក្នុងវិស័យកាត់ដេរព្រមទាំងបញ្ហា អាកាសធាតុ៕

ទោះយ៉ាងណាក្តី លោក វង្សី វិស្សុត ដើម្បីចាប់យកកាលានុវត្តភាព និងដោះស្រាយ នូវបញ្ហា ប្រឈមសេដ្ឋកិច្ចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន រួមមាន យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ ហើយតទៅមុខទៀត យើងនឹងធ្វើការរៀបចំ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» និង «ចក្ខុវិស័យ ២០៥០» ដោយបង្កើនការផ្តល់អទិភាព លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកែទម្រង់ កាន់តែស៊ីជម្រៅក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល ដែលជាវិស័យផលិត និងវិស័យថែទាំ ធនធានមនុស្សរបស់ប្រទេស។ ក្នុងន័យនេះ ជាការដោះស្រាយបញ្ហាចំពោះមុខ គណៈពង្រឹង គណបក្សប្រជាជននៅស្រុកមុខកំពូល នឹងបង្កើតជាមូលនិធិសម្រាប់អនុវត្ត គម្រោងអាហារូប ករណ៍រៀន ភាសាអង់គ្លេសឥតគិតថ្លៃ ដល់កូនសមាជិកបក្ស នៅតាមឃុំ។

ជាចុងបញ្ចប់ លោក បានផ្តល់ជាទស្សនៈដល់អង្គពិធីសម្រាប់យកទៅពិចារណាថា ដើម្បី កម្ពុជាអាចក្លាយជាប្រជាជាតិមួយ ដែលមានភាពខ្លាំង និងល្បីរន្ទឺឡើងវិញដូចសម័យ មហានរគរ, ដំណើរការកសាងជាតិ ត្រូវផ្អែកលើកម្លាំងចំនួន ០៥ គឺ (១).កម្លាំងបង្រួបបង្រួម ជាតិ (Unifying) តាមរយៈការស្វែងរកនូវបំណងប្រថ្នារួម និងលើកគុណតម្លៃសង្គម និងបុគ្គល ដោយផ្អែកលើជំនឿ សាសនា វប្បធម៌ និងប្រវិត្តសាស្រ្ត ដើម្បីចង់ភ្ជាប់ជាតិរបស់យើង កុំឱ្យបែកគ្នា និងកសាងឱ្យក្លាយទៅជាកោសិកាសង្គមមួយដ៏រស់រវើក, (២).កម្លំាងការពារជាតិ (Defending) តាមរយៈការអភិវឌ្ឍនិងលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងបុព្វហេតុការពារជាតិ និងនយោបាយការទូត ដើម្បីការពាររាល់ផលប្រយោជន៍លើឆាកអន្តរជាតិ, (៣).កម្លាំងស្ថិរកម្ម (Stabizing) តាមរយៈការបង្កើតឱ្យមានយន្តការប្រិតតុល្យការនៃអំណាច, ការដោះស្រាយ ទំនាស់ និងការគ្រប់គ្រងវិបត្តិ (៤).កម្លាងកសាងជាតិ (Building) តាមរយៈជំរុញអភិវឌ្ឍ សេដ្ឋកិច្ចទីផ្សារសេរី ប្រកបដោយកំណើនខ្ពស់, បរិយាប័ន្ន និងចិរភាព និងការអភិវឌ្ឍ ធនធានមនុស្ស ព្រមទាំងវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា និង (៥).កម្លាងគាំពារ (Protecting) តាមរយៈការបង្កើតឱ្យមានរបបការគាំពារសង្គម, កម្មវិធីជំនួយសង្គម និងការពារបិរស្ថាន និងធនធានធម្មជាតិ។ ដើម្បីឈានទៅការសម្រេច បាននូវផែនការនៃការកសាងជាតិ ខាងលើនេះទាមទារជាចាំបាច់នូវភាពជាអ្នកដឹកនាំ (Leadership) នៅគ្រប់កម្រិត ទាំងនៅ ក្នុងវិស័យសាធារណៈ និងឯកជន, ព្រមទាំងការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល (Value & Virtue) ផងដែរ ដូច្នេះ វិស័យ អប់រំមិនត្រឹមតែត្រូវបង្រៀន ជំនាញវិជ្ជាជីវៈប៉ុណ្ណោះទេ តែក៏ត្រូវផ្សារភ្ជាប់ជាមួយការបញ្ជ្រៀប និងបណ្តុះឱ្យមានគុណធម៌ និងគុណភាពអ្នកដឹកនាំ ទៅក្នុងកំលាំងពលកម្មរបស់ប្រទេសយើងផងដែរ៕