(កំពង់ចាម)៖ សមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានប្ដេជ្ញាចិត្តថា នឹងគៀងគរប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេស ដែលអាចរក្សាសន្ដិភាព និងបន្ដការអភិវឌ្ឍ។
ការប្ដេជ្ញាចិត្តរបស់សមាជិកបក្សទាំង២០០គ្រួសារ នៅភូមិវាលព្រះ ភូមិស្រែអំពៅ និងភូមិពោន ឃុំទួលសំបួរ បានធ្វើឡើងបន្ទាប់ពី លោក ឯម កុសល សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ ចាត់ក្រុមការងារចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយសមាជិកបក្សតាមខ្នងផ្ទះ។
ក្នុងឱកាសនោះ លោក ឯម កុសល បានចាត់ក្រុមការងារ ធ្វើការផ្សព្វផ្សាយរបៀបគូសសញ្ញាគាំទ្រគណបក្សប្រជនកម្ពុជា ចំណុចលេខរៀងទី២០ សញ្ញារូបទេវតាបាចផ្កា និងណែនាំត្រួតពិនិត្យឲ្យគាត់មានប័ណ្ណដើម្បីត្រៀមទៅបោះឆ្នោត និងបានជម្រាបណែនាំអំពីឈ្មោះការិយាល័យ ដែលពួកគាត់ត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
បន្ថែមពីនេះ លោកប្រធានក្រុមការងារ ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ដែលបាននាំមកនូវសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រុមការងារក៏បានចែកជូនអាវយឺត០១ មួក០១ និងថវិកា១០,០០០រៀល ក្នុងសមាជិកម្នាក់ៗ និងជូនប្រធានក្រុមបក្សសរុប រួមមាន អាវយឺតបក្ស ចំនួន៨០០អាវ មួកចំនួន៨០០មួក និងថវិកា៥,៩២០,០០០រៀល៕