(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាថ្ងៃចាប់ផ្តើមអនុវត្តន៍នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញឲ្យគ្រប់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈទាំងអស់បញ្ចុះតម្លៃប្រេងសាំង និងម៉ាស៊ូត យ៉ាងតិច១៦០រៀលក្នុងមួយលីត្រ។
ការបញ្ចុះតម្លៃ១៦០រៀលក្នុងមួយលីត្រនេះ គឺរាជរដ្ឋាភិបាលត្រូវបង់ថ្លៃ៨០រៀល និងក្រុមហ៊ុនឯកជនក៏ត្រូវវិភាគទាន ៨០រៀលក្នុង១លីត្រផងដែរ។
ស្របជាមួយបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន, ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់តាមស្ថានីយ៍ផងដែរ សម្រាប់រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់១៥ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងពាណិជ្ជកម្មបានកំណត់ថា គ្រប់សា្ថនីយប្រេងឥន្ធនៈទាំងអស់ ត្រូវលក់តម្លៃសាំងធម្មតាលក់មិនឲ្យលើសពី៣,៩៥០រៀល និងម៉ាស៊ូតត្រូវលក់ក្នុងតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ។ ប៉ុន្តែតម្លៃសាំងស៊ុបពែរគ្មាន នៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងឡើយ។
ជាក់ស្តែងនៅថ្ងៃនេះ នៅតាមស្ថានីយលក់ប្រេងឥន្ធនៈនានា គឺមានការបញ្ចុះតម្លៃលក់ទៅតាមការកំណត់ របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មប្រាកដមែន។ ដោយស្ថានីយខ្លះលក់ដូចទៅនឹង តម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ហើយក៏មានស្ថានីយខ្លះលក់ទាបជាងតម្លៃ ដែលកំណត់ដោយក្រសួងផងដែរ។ (មានភ្ជាប់ដូចរូបភាព)
ក្រោយពីមានអន្តរាគមន៍ របស់រាជរដ្ឋាភិបាល ក្នុងការបញ្ចុះតម្លៃសាំងនេះ ប្រជាពលរដ្ឋដែលប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី បានសម្តែងនូវក្តីរីករាយ និងចាត់ទុកដាក់នេះ ជាការគិតគូរបស់រាជរដ្ឋាភិបាល ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ។
លោក សុផល ជាអ្នកប្រកបមុខរបររត់ម៉ូតូឌុប ក្បែរផ្សារទំនើបស្ទឹងមានជ័យថ្មី បានថ្លែងថា «ការដាក់ចេញបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជានេះខ្ញុំយល់ថា ពិតជាល្អណាស់ សម្រាប់មុខរបររបស់ខ្ញុំ ព្រោះអីការរត់ម៉ូតូឌុបនេះ រក្សាតម្លៃដដែល ប៉ុន្ដែបើសាំងឡើងថ្លៃ គឺរត់អត់បានចំណេញទេ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលការណ៍បញ្ចុះតម្លៃសាំងនេះ»។
លោកបានបញ្ជាក់ទៀតថា «ខ្ញុំគ្មានអ្វី ក្រៅអំពីការថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានជួយឲ្យសាំងចុះថ្លៃ នេះក៏ដូចជាជួយដល់ពលរដ្ឋទាំងអស់ ឲ្យមានជីវភាពធូរធារ ព្រោះថា តើសាំងចុះការប្រកបរបនឹងបានចំណេញគួរសម»។
កំពុងតែអង្គុយក្នុងរ៉ឺម៉កកង់បី បក់ដៃហៅភ្ញៀវឲ្យជិះ លោក គឹម ឈុនហ៊ាង អ្នករត់ម៉ូតូរ៉ឺម៉កកង់បី បានឲ្យដឹងដែរថា ការបញ្ចុះតម្លៃសាំងនេះល្អ។ ល្អត្រង់ថា អាចរកចំណូល បានកើនច្រើនជាងនេះ មានន័យថា លុយដែលគាត់រកបានមកចំណាយ ចំពោះចំណាលលុយសាំងអស់តិច ចំណូលអាចនៅសល់ច្រើន តែផ្ទុយទៅវិញបើតម្លៃសាំងខ្ពស់ វាជារឿងធម្មតាទេ គឺមិនចំណេញច្រើននោះឡើយ។
លោកបានបញ្ជាក់ទៀតថា «អ្វីដែលខ្ញុំចង់បានជាងនេះទៀតនោះ គឺសូមឲ្យតម្លៃសាំងចុះជាងនេះបន្ថែមទៀត ប្រសិនបើមិនចុះទេ សូមរក្សាតម្លៃប៉ុណ្ណឹងដដែល ព្រោះតម្លៃប៉ុណ្ណឹងយើងអាចទទួលយកបាន។ ខ្ញុំក៏សូមអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានជួយដល់ពលរដ្ឋ បញ្ចុះតម្លៃសាំងនេះ»។
កំពុងអង្គុយដៃម្ខាងកាន់ផ្លែម្នាស់ ដៃម្ខាងកាន់កាំបិតចិតសំបកម្នាស់ លក់ឲ្យអតិថិជន លោក ឌី ណែត បានឲ្យដឹង «ខ្ញុំបានមើលព័ត៌មានឃើញគេចុះផ្សាយថា តម្លៃសាំងបានចុះថោកនៅថ្ងៃនេះ ត្បិតថាចុះថ្លៃបន្ដិចក៏ពិតមែន តែតម្លៃនេះអាចទទួលយកបាន ព្រោះក៏ជួយសម្រួលមុខរបរ ខ្ញុំបានគួរសមដែរ ឧទាហរណ៍ថា ក្នុងមួយថ្ងៃខ្ញុំត្រូវចាក់សាំង៣លីត្រ អស់១២,០០០រៀលចុះ តែដល់ចុះ អីចឹងខ្ញុំសល់១-២ពាន់រៀលដែរ»។
សូជម្រាបថា ដើម្បីសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន១៦០រៀលក្នុង១លីត្រ អនុត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ។ ការអន្តរាគមន៍នេះ ធ្វើឲ្យរាជរដ្ឋាភិបាល បាត់ចំណូលក្នុងរង្វន់៣០លានដុល្លារ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជា ឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរដែនដីគ្រប់ខេត្ត ត្រូវពិនិត្យតាមដានមើលថា តើស្ថានីយទាំងអស់នោះ មានបញ្ចុះតម្លៃលក់ប្រេងឥន្ធនៈ ដូចការកំណត់របស់រាជរដ្ឋាភិបាលដែរទេ ដើម្បីឲ្យការអនុវត្តន៍នេះ ផ្តល់ផលចំណេញដល់ ប្រជាពលរដ្ឋពិតប្រាកដ៕