(កំពត)៖ លោកជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានបន្តអំពាវនាវជាថ្មី ដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោក ជាវ តាយ បានអំពាវនាវបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ មកពីស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស ស្រុកដងទង់ ស្រុកឈូក និងស្រុកជុំគិរី នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រាច និងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកឈូក សរុបប្រមាណ ៦៩១៤នាក់។

ឆ្លៀតក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែងប្រហាក់ប្រហែលគ្នាទៅកាន់លោកគ្រូ អ្នកគ្រូទាំង ៥ស្រុកខាងលើ នូវការនាំ សួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល។ លោក ក៏បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលលោកគ្រូ អ្នកគ្រូ សហការីអប់រំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធដែលតែងតែបានខិតខំយកចិត្តទុកដាក់ សហការរួមគ្នាក្នុងបុព្វហេតុធ្វើ ឲ្យវិស័យអប់រំ យុវជន និងកីឡាក្នុងខេត្តកំពត មានការរីកចម្រើនជាបន្តបន្ទាប់។

ឆ្លើយតបតាមផែនការយុទ្ធសាស្ត្រ វិស័យអប់រំឆ្នាំ២០១៤-២០១៨ និងការកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា ក៏ដូចជាយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់គិតគូរខ្ពស់លើវិស័យអប់រំ ក្នុងចំណោមវិស័យអាទិភាពទាំង៤ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធអប់រំ ការដំឡើងប្រាក់បៀវត្ស ប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការ គ្រូបង្រៀន ជាបន្តបន្ទាប់។ ជាក់ស្ដែង ប្រាក់បៀវត្សអប្បបរមាគ្រូបង្រៀនកម្រិតបឋម ត្រូវបានកើនឡើងពី៥០ម៉ឺនរៀល ក្នុងឆ្នាំ២០១៣ ដល់ជាង១លានរៀលក្នុងឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះ លោកជាវ តាយ ក៏បាននាំយកនូវថវិកាសម្ដេចតេជោ ហ៊ុន សែន ជាង៨ម៉ឺនដុល្លារអាមេរិក ឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូទូទាំង ៥ស្រុកខាងលើ សរុបចំនួន ៦៩១៤នាក់ ម្នាក់ៗទទួលបាន ៥ម៉ឺនរៀលផងដែរ៕