(សៀមរាប)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានបង្ហាញសុទិដ្ឋិនិយមថា នាពេលខាងមុខ ភ្ញៀវទេសចរចិននឹងមកប្រទេសកម្ពុជាប្រមាណ ២លាននាក់ក្នុងមួយឆ្នាំ ឬអាចមកច្រើនជាង២លាននាក់ ហើយកម្ពុជានឹងរៀបចំពិធីអបអរសាទរដ៏ធំមួយ។
ការលើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនាឱកាសអញ្ជើញជា អធិបតីភាពក្នុងសិក្ខាសាលាស្តីពី ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្របខណ្ឌសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍កម្ពុជា-ចិន ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ចាង ស៊ីឡុង អគ្គនាយកនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន ដែលជាផ្នែកមួយនៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា-ចិន។
ក្នុងឱកាសនោះ លោក ទិត ចន្ថា បានលើកឡើងថា ក្រោមការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាបច្ចុប្បន្នមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានចំនួន ៥.៦លាននាក់ កើនឡើង ១១.៨% នៅឆ្នាំ២០១៧ កន្លងមក ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០។ ដោយឡែក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិត ១លាននាក់ កើនឡើង ៨០% ហើយកម្ពុជាសង្ឃឹមថា នឹងទទួលបានភ្ញៀវទេសចរចិនប្រមាណ ២លាននាក់ ក្នុងឆ្នាំ២០១៨ និងច្រើនជាងនេះនៅក្នុងឆ្នាំបន្តបន្ទាប់។
លោកថ្លែងយ៉ាងដូច្នេះថា «យើងគ្រោងនឹងរៀបចំពិធីពិសេសមួយ ជាការទទួលទេសចរចិនទី២លាននាក់នៅកម្ពុជា ហើយនេះជាសារដ៏សំខាន់ទៅកាន់ពិភពលោក នៃការសម្រេចនូវគោលដៅ និងការឈានឆ្ពោះទៅរកគោលដៅថ្មីនាពេលខាងមុខទៀត។ ហេតុអ្វីបានជាកម្ពុជាមានសុទិដ្ឋិនិយមខ្លាំងចំពោះទេសចរចិននេះ? ពីព្រោះ២លាននាក់របស់ទេសចរចិន ទើបនឹងបានប្រហែល ១% នៃទេសចរចិននៃក្រៅប្រទេសប៉ុណ្ណោះ។ មួយវិញទៀត ដោយសារកំណើនទេសចរចិននៅកម្ពុជាកំពុងមានកំណើនខ្លាំង រហូតនៅតំបន់ខ្លះដូចជានៅខេត្តព្រះសីហនុ កំណើនទេសចរចិនកើនដល់ជាង ១០០% ឯណោះ»។
លោកបន្តថា កម្ពុជារៀបចំពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលភ្ញៀវទេសចរចិន ដូចជាការពង្រីកជើងហោះហើរត្រង់កម្ពុជា-ចិន ការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ចិន ការបង្កើតទីរមណីយដ្ឋានទេសចរណ៍ជាច្រើនសម្រាប់ទេសចរចិនជាដើម ជាមួយនឹងទំនាក់ទំនងកាទូតយ៉ាងជិតស្និទ្ធបំផុតរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយខ្សែក្រវាត់និងផ្លូវ និងគោលនយោបាយវិថីផ្លូវសូត្រ ដែលផ្ដួចផ្ដើមឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការដែលភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើននេះ ប្រៀបបានដូចជាលំហូរនៃទឹកទន្លេមេគង្គដែលមានប្រភពពីប្រទេសចិនមិនចេះរីងស្ងួត ក្នុងន័យរឹតចំណងមិត្តភាពកាទូតយ៉ាងជិតស្និទ្ធ ពិសេសទំនាក់ទំនងក្នុងវិស័យទេសចរណ៍។
លោកបានស្នើដល់ក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងផ្នែកឯកជនទេសចរណ៍បន្តកិច្ចសហការល្អជាមួយកម្ពុជា ជួយជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជានៅក្នុងទីផ្សារចិន ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រី និងប្រតិបត្តិករទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារចិនឱ្យកាន់តែល្អបន្ថែមទៀត។
កិច្ចសហការនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវ កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់យើងរួមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងទទួលខុសត្រូវក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនល្បឿន និងជំរុញដល់កំណើនសេដ្ឋកិច្ចសង្គមប្រកបដោយប្រសិទ្ធភាព។
លោក ចាង ស៊ីឡុង ក៏បានប្ដេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីបង្កើតនូវបរិយាកាសមិត្តភាពក្នុងវិស័យទេសចរណ៍ និងខិតខំសម្រួលធ្វើយ៉ាងណាឱ្យទេសចរចិនដែលមកទស្សនាកម្ពុជា មានសុខសុវត្ថិភាព ពិសេសនឹងបន្តរៀបចំឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចពីកម្ពុជាទៅចិន ពីចិនមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត សំដៅធ្វើឱ្យវិស័យទេសចរណ៍នៃប្រទេសទាំងពីរ មានការអភិវឌ្ឍជាមួយនឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ៕