(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅរយៈពេល៦ខែដំបូងឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជិត៤ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជិត៨ពាន់នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បង្ក្រាបសរុប៣៩៨៩ករណី ឃាត់ខ្លួន៧,៩១៧នាក់ (ស្រី៧០៧នាក់) ក្នុងជនបរទេស១៣៥នាក់ (ស្រី២៨នាក់) មាន១៤សញ្ជាតិ។

* ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ៖ ២,៥៨៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦១៨នាក់ (ស្រី ៥០១នាក់)

* ករណីប្រើប្រាស់៖ ១៤០៦ករណី ឃាត់ខ្លួន ៣២៩៩នាក់ (ស្រី ២០៦នាក់)

* អនុវត្ដដីកា៖ ១៣៣ដីកា ឃាត់១២៨នាក់ (ស្រី៦នាក់)

ការបង្រ្កាបរយៈពេល៦ខែមកនេះ សមត្ថិច្ចបានដកហូតសារធាតុញៀន គ្រប់ប្រភេទជាង២៤៤គីឡូក្រាម និង១៩៩កញ្ចប់, កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៥,៣៤៣ដើម, សម្ភារៈចាប់យកមាន រថយន្ដ៤៥គ្រឿង ម៉ូតូ១០៥១គ្រឿង, ទូរស័ព្ទ២៨២១គ្រឿង, ជញ្ជីង១០៨គ្រឿង អាវុធខ្លី១៤ដើម អាវុធវែង១០ដើម៕