(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង បានថ្លែងថា ការចូលរួមបោះឆ្នោតតាមរដ្ឋធម្មនុញ្ញ គឺជាការបន្តលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តែបើមិនទៅបោះឆ្នោតតាមការអំពាវនាវរបស់អ្នកនយោបាយក្បត់ជាតិ ជាការជាន់ឈ្លី និងសម្លាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៨២១នាក់នៅក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ហ៉ឹម ឆែម បានថ្លែងរំលឹកថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺរកមកបានដោយលំបាកក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការជ្រុំជ្រែងពីបណ្តាប្រទេសជាមិត្តផងដែរ។
លោក ហ៉ឹម ឆែម បានរំលឹកថា លទ្ធិប្រជាធិបតេយ្យដែលត្រូវបានគេសម្លាប់ចោលក្រោយថ្ងៃរដ្ឋប្រហារ១៨ មីនា ១៩៧០ បានរស់ឡើងវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ដំណើរលទ្ធិប្រជាធិបតេយ្យនេះ នាំឲ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ហើយក៏ធ្វើដំណើរចេះតែល្អប្រសើរជាបន្តបន្ទាប់មកដល់ពេលបច្ចុប្បន្ននេះ។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនារូបនេះ បានលើកឡើងថា អ្នកដែលរារាំងមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាចេតនាអាក្រក់ក្នុងការសម្លាប់របបប្រជាធិបតេយ្យនៅកម្ពុជា ដូចក្នុងរបប លន់ នល់ និង ប៉ុល ពត ផងដែរ។
ដើម្បីបន្តរក្សាដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា លោក ហ៉ឹម ឆែ បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីបន្តរក្សាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ៕