(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មោគោល លោក សួស អង្គារ៍ ព្រមទាំងសហការី បាននាំទៀនព្រះវស្សា និងទេយ្យទានប្រគេនដល់ព្រះសង្ឃចំនួន៥វត្ត នៅក្នុងបរិវេណវត្តត្រស់ក្នុងឃុំអូរតាគី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជាសមាជិកបក្សមូលដ្ឋាន ខណៈពេលថ្ងៃបោះឆ្នោតជិតមកដល់។

លោក សួស អង្គារ៍ បានឡើងថ្លែង សំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធិបរិស័ទ្ធចំណុះជើងវត្តនៅក្នុងឃុំទាំង២នេះថា ពីមួយថ្ងៃទៅមួយថ្ងៃ នៅកម្ពុជា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ជាក់ស្តែងវត្តដែលត្រូវប្រគេនទៀនវស្សាមាន៥វត្ត គឺក្នុងនោះមាន៖ វត្តអូរតាគី វត្តត្រាង វត្តត្រស់ វត្តវាលទ្រា ឃុំអូតាគី និងវត្តជ្រោយម្ទេសក្នុងឃុំតាម៉ឺន ដែលជាឃុំនៅជនបទ និងមានព្រះសង្ឃជាច្រើនអង្គទៀតផង។

លោកប្រធានក្រុមការងារបានបញ្ជាក់ថា ដោយសារមានថ្ងៃជ័យជន្នះ ៧មករា ឆ្នាំ១៩៧៩ ដែលមានឥស្សរជនគណបក្សប្រជាជនកម្ពុជា បានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ធ្វើឲ្យប្រជាពលរដ្ឋមានថ្ងៃនេះ មានឱកាសធ្វើបុណ្យជាមួយគ្នា និងបានកសាងប្រទេសរហូតដល់មានការអភិវឌ្ឍដល់សព្វថ្ងៃ។

នៅរសៀលថ្ងៃដដែល លោកប្រធានក្រុមការងារ បានបន្តសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៦៥នាក់ មកពីភូមិអង្គ និងភូមិតាពូង ឃុំតាម៉ឺន ដើម្បីក្រើនរំលឹកពីប្រវត្តិសាស្រ្តខ្មែរ ដែលបានជួបប្រទះនូវភ្លើងសង្រ្គាមខ្មែរ និងខ្មែរ ហែកហួរគ្នាជាបន្តបន្ទាប់ ក្រោយមានការរដ្ឋប្រហារទម្លាក់សម្តេចឪ ដោយសារលោក លន់ នល់ ក្រោមឥទ្ធិពលបរទេស ហើយប្រទេសជាតិមានការខ្ទេចខ្ទាំទាំងស្រុង ក្នុងរបបខ្មែរក្រហម ប៉ុល ពត បានកាប់សម្លាប់មនុស្សជាតិស្ទើរផុតពូជ។

លោកថា កុំតែបានកម្លាំងតស៊ូរបស់រណៈសិរ្យសង្រ្គោះជាតិ ដែលដឹកនាំដោយសម្តេចទាំង៣ រហូតបានរំដោះបានជាតិជោគជ័យ ៧មករា ១៩៧៩ រួចផុតក្នុងរបបនេះ ព្រមទាំងបានខិតខំកសាង ការពារជាតិ និងប្រជាពលរដ្ឋរហូតដល់មានការរីកចម្រើនដល់បច្ចប្បន្ន។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំគណបក្ស បានស្វែងរកសន្តិភាព បង្រួបបង្រួមជាតិខ្មែរតែមួយ ក្រោមគោលនយោបាយឈ្នះឈ្នះ ព្រមទាំងបានកសាង និងអភិវឌ្ឍន៍ជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស កាន់តែខ្លាំងជឿនលឿនជូនជាតិ និងប្រជាពលរដ្ឋរស់នៅបានសុខសាន្ត។

បើតាមមន្ត្រីជាន់ខ្ពស់បក្សរូបនេះ ដោយសារប្រទេសជាតិមានសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនខ្លាំង ដែលមានថ្នាក់ដឹកនាំគណបក្ស មានគុណបំណាច់ធំធេង មានគុណសម្បត្តិចំពោះជាតិ និងប្រជាពលរដ្ឋជាក់ស្តែងពិតៗ ដូច្នេះដើម្បីសងគុណបំណាច់នេះ ត្រូវនាំគ្នាទៅបោះឆ្នោតទាំងអស់គ្នា គឺបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានសន្តិភាពពេញលេញ និងវឌ្ឍនភាពសង្គមតទៅ៕