(ភ្នំពេញ)៖ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសំណូមពរឲ្យសមាជិក គណបក្សប្រជាជនកម្ពុជាម្នាក់ ប្រែក្លាយទៅជាសន្លឹកឆ្នោតមួយសន្លឹក នៅពេលបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍន៍ប្រទេស។
ការស្នើរបស់លោក ឃួង ស្រេង បែបនេះ បានធ្វើឡើងនៅរសៀល ថ្ងៃអាទិត្យទី១ ខែកក្កដា ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចូលថ្មីចំនួន ២,៦១១នាក់ នៅភោជនីយដ្ឋានពិភពថ្មី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក ហែម អាន ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ បានឲ្យដឹងថា ខណ្ឌដូនពេញ មាន១១សង្កាត់ និងមានសាខាបក្ស១៥ និងសមាជិកបក្សថ្មី មានចំនួន ២,៦១១នាក់ក្នុងនោះ យុវជន៩២៧នាក់។ លោកបន្តថា បានធ្វើសៀវភៅគ្រួសារបក្សជាង ៧០០០គ្រួសារ ស្មើនឹង៦៩.៣៥ភាគរយ។
ទន្ទឹមនឹងនេះ លោកឃួង ស្រេង លើកឡើងថា សមាជិកថ្មីមកពីអតីតសមាជិកគណបក្សសង្គ្រោះជាតិចំនួន៥១នាក់ បានចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងចំណោមសមាជិកថ្មីចំនួន ២,៦១១នាក់ នៅខណ្ឌដូនពេញ។
បើតាមលោក ឃួង ស្រេង គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូលក្នុងការដឹនាំប្រទេស ប្រកបដោយការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ គណបក្សបានកសាងស្នាដៃធំៗជាច្រើជូនជាតិមាតុភូមិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ។
លោកបានបន្តថា សម្តេចតេជោបានចុះជួបកម្មករ កម្មការិនី នៅតាមបណ្តារោងចក្រ សហគ្រាស តាមរាជធានីខេត្ត និងបានដោះស្រាយពីកង្វល់របស់កម្មករ កម្មការិនី ហេតុនេះ ក្នុងនាមជាសមាជិក គណបក្សប្រជាជនកម្ពុជា ត្រូវបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់ៗគ្នា៕