(ក្រចេះ)៖ លោក លន់ សុផាត សមាជិកអចិន្រ្តៃយ គណបក្សប្រជាជនកម្ពុជា ខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះជួយស្រុកសំបូរ ព្រមទាំងសមាជិកក្រុមកាងារមួយចំនួនទៀត បាននាំយកនូវទានព្រះវស្សាមានចំនួន៦គូរ ព្រមទាំងតេយ្យទាន និងបច្ច័យមួយចំនួនធំយកទៅ ប្រគេនព្រះសង្ឃចំនួន៦វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីប្រគេនទៀនព្រះវស្សានេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ក្នុងបរិវេណវត្តព្រះវិហារធំសរសរ១០០ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីបក្សស្រុក តាជី យាយជី និងពុទ្ធិបរិស័ទចំណុះជើងវត្ត។

ទានវស្សា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកទៅប្រគេនព្រះសង្ឃក្នុង ពិធីនេះក្នុង១វត្តទទួលបានទានវស្សា១គូរ អង្ករ១បេ ស្ករស២គីឡូក្រាម ទឹកដោះគោ១០កំប៉ុង ប្រេងម៉ាស៊ូត ៣០លីត្រ និងទឹកបរិសុទ្ធ ១០យួរ មី៤កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ប៊ីចេង១គីឡូក្រាម ធូបទៀន១ដុំធំ និងបច្ច័យ ៦លានរៀលប្រគល់ជូនតាមវត្ត ទាំង៦។

ជួបសំណេះសំណាល ជាមួយព្រះសង្ឃ តាជី យាយជី ក្នុងពីធីប្រគេនទានព្រះវស្សា នាព្រឹកនោះមន្ត្រីជាន់ខ្ពស់គណបក្សរូបនេះ បាននាំនូវការផ្តាំផ្ញើ សួរសុកទុក្ខពីសំណាក់លោកអភិបាលខេត្តក្រចេះ និងបានជំរុញឲ្យពលរដ្ឋ ពុទ្ធិបរិស័ទ្ធ ទៅចូលរួមបោះឆ្នោតគ្រប់គ្នានៅថ្ងៃខាងមុខនេះ។

បន្ថែមពីនេះ លោកលន់ សុផាត បានបន្តថា ទៀនព្រះវស្សា និងគ្រឿងតេយ្យទាន រួមទាំងបច្ច័យមួយចំនួនធំ ដែលបាននាំយកមកវេប្រគេនព្រះសង្ឃនាពេលនេះ គឺដើម្បីទ្រទ្រង់ចំពោះ ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងត្រីមាសក៨ដូចជា ចូលរួមចំណែកក្នុងការលើកស្ទួយលើវិស័យ ព្រះពុទ្ធសាសានា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ៕