(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានប្រគល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្ត៥០០ដុល្លា ជូនកីឡាករប្រដាល់គុនខ្មែរ ដែលដណ្ដើមបានជ័យជំនះ និងខែ្សក្រវ៉ាត់អន្តរជាតិ Rahu Fight II ២០១៨ នៅសង្វៀនប្រដាល់គុនខ្មែរខ្សែក្រវ៉ាត់ភេសជ្ជៈគោជល់ នៃស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ។
ដូចការសន្យាទុករបស់ លោក មាន សំអុល នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ប្រសិនបើ អ្នកប្រដាល់គុនខ្មែរដ៏ល្បីល្បាញរបស់កម្ពុជា៤រូបឈ្នះ និងដណ្ដើមបានខ្សែក្រវ៉ាត់ លោកនឹងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត៥០០ដុល្លារ ដល់កីឡាគុនខ្មែរ ហើយជាលទ្ធផលកីឡាករ មឿន សុភា និង ឡៅ ចន្ទ្រា បានឈ្នះកីឡាករម្ចាស់ផ្ទះដោយពិន្ទុ ឯកីឡាករ ឃឹម ឌីម៉ា ប្រសាល់ឈ្នះកីឡាករម្ចាស់ផ្ទះនិងគ្រងដំណែង ម្ចាស់ខ្សែក្រវ៉ាត់នៅ Rahu Fight II ២១០២៨ នៃប្រទេសបារាំង ដូចនេះកីឡាករទាំងបីទទួលបានម្នាក់ ៥០០ ដុល្លារ (២លានរៀល)។
ចំណែកកីឡាករ ផាន់ គ្រាន់ដោយវាយស្មើនឹងកីឡាករបារាំង ក្រុមហ៊ុនគោជល់សម្រេចចិត្តលើកទឹកចិត្តផងដែរ គឺទទួលបាន ៣០០ ដុល្លារ (១.២ លានរៀល)។ ដោយចង់លើកស្ទួយបន្ថែម ដល់កីឡាករ ដែលមានឱកាសចេញទៅប្រដាល់ក្រៅប្រទេសផងដែរនោះ លោក មាន សំអុល បានសម្រេចបន្ថែមទឹកប្រាក់ ៥០០ដុល្លារទៀតដល់កីឡាករ រឿង សុភ័ណ្ណ ម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់គុនខ្មែរ ភេសជ្ជៈគោជល់ ឆ្នាំ២០១៧ ដែលទទួលបានខ្សែក្រវ៉ាត់ពីរផ្សេងទៀតពីប្រទេសបារាំងដូចគ្នា។ ហើយប្រាក់រង្វាន់ទាំងអស់បានប្រគល់ ជូនដល់កីឡាករទាំង៥រូបរួចរាល់ហើយ នៅសង្វៀនប្រដាល់គុនខ្មែរភេសជ្ជៈគោជល់ នៅស៊ីអិនស៊ី។
គួរបញ្ជាក់ថា ដោយចង់លើកស្ទួយកីឡាប្រដាល់គុនខ្មែរឲ្យមានភាពល្បីល្បាញ ក្នុង និងក្រៅប្រទេស ក្រុមហ៊ុនភេសជ្ជៈគោជល់ បាននិងបន្តបង្កើតកម្មវិធីប្រដាល់គុនខ្មែរ ជាពិសេសកម្មវិធីប្រដាល់ របស់ក្រុមហ៊ុនភេសជ្ជៈគោជល់ និងប្រដាល់គុនខ្មែរផ្សេងៗទៀតផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន បានជួយជ្រោមជ្រែងដល់កីឡាករជាទឹកប្រាក់លើកទឹកចិត្តដើម្បីឲ្យកីឡាករខិតខំប្រឹងប្រែង ដើម្បីលើកកិត្តិយសជាតិ និងប្រដាល់ក្បាច់គុនបុរាណរបស់ខ្មែរយើង ៕