(ព្រៃវែង)៖ បេក្ខជនតំណាងរាស្ត្រវ័យក្មេងនៃមណ្ឌលខេត្តព្រៃវែងរបស់គណបក្សប្រជាជនកម្ពុជា លោក ងិន បាណាល់ និងលោក ឡុង ប៊ុន្នី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចុះទៅពន្យល់ប្រជាពលរដ្ឋ និងនិវត្តន៍ជននៅក្នុងស្រុកមេសាង ខេត្តព្រៃវែង អំពីគុណតម្លៃនៃសុខសន្តិភាព ហើយអំពាវនាវឲ្យរួមគ្នាចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងអ្នកស្នេហាជាតិជាច្រើនរូបបានប្រឹងប្រែងរកមកបានដោយលំបាក។

នៅចំពោះមុខប្រជាពលរដ្ឋជាង ១ពាន់នាក់ លោក ងិន បាណាល់ និងលោក ឡុង ប៊ុន្នី បានថ្លែងថា ភ្លើងសង្គ្រាមជិត៣ទសវត្សរ៍ បានដុតបំផ្លាញកម្ពុជាគ្មានសល់ ធ្វើឲ្យពលរដ្ឋកម្ពុជាហែលឆ្លងទុក្ខលំបាកគ្រប់បែបយ៉ាង។ លោកបន្តថា ជាតិកម្ពុជា និងប្រជាពលរដ្ឋបានស្គាល់ពន្លឺនៃការរស់រៀន និងការអភិវឌ្ឍជាថ្មី បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានពន្លត់ក្រោមយការធ្វើពលីកម្មសព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

បេក្ខជនតំណាងរាស្ត្រទាំងពីររូបនេះ បន្តថា តាមការបិទបញ្ចប់ភ្លើងសង្គ្រាមនេះ បានធ្វើឲ្យជាតិកម្ពុជាបង្កើនល្បឿនអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ហើយការរស់នៅរបស់ប្រជាពលរដ្ឋក៏បានកាន់តែល្អប្រសើរ។

បេក្ខជនតំណាងរាស្ត្រវ័យក្មេងរបស់គណបក្សប្រជាជនកម្ពុជាទាំងពីររូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាការពារសុខសន្តិភាពមួយនេះ ដោយមិនត្រូវជឿតាមការញុះញង់របស់ក្រុមអ្នកនយោបាយក្បត់ប្រយោជន៍ជាតិមួយចំនួន ដែលចង់បង្កើតបដិវត្តពណ៌នៅកម្ពុជានោះឡើយ។

លោក ងិន បាណាល់ និងលោក ឡុង ប៊ុន្នី បានថ្លែងថា ដើម្បីថែរក្សាបាននូវសុខសន្តិភាពប្រជាពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី២០។ លោកថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ៕