(កណ្តាល)៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល មានរៀបចំ «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុង ចំនួន ៤ ខ្សែ ក្នុងភូមិបឹងក្រចាប់ជើង, ភូមិបឹងក្រចាប់ត្បូង និងភូមិស្វាយអាត់ក្រោម នៃឃុំព្រែកតាមាក់» ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ, ក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំព្រែកតាមាក់, គណៈអចិន្រ្ដៃយ៍គណបក្សស្រុក, សមាជិកក្រុមប្រឹក្សាស្រុក, កម្លាំង ប្រដាប់អាវុធ, គណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ និង ប្រជាជនសរុបប្រមាណជាង ៨០០នាក់ ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានគណៈអចិន្រ្ដៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្ដាល បានមានប្រសាសន៍ថា សមិទ្ធផលផ្លូវនេះ នឹងដោះស្រាយបានចំបញ្ហាចំពោះមុខ, ឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាជននៅនឹងមូលដ្ឋានភូមិបឹងក្រចាប់ជើង និង ភូមិបឹងក្រចាប់ត្បូង នៃឃុំព្រែកតាមាក់ របស់យើងនេះដោយផ្ទាល់។ ផ្លូវនេះ ជាអំណោយ ក៏ដូចជាការឆ្លើយតបទៅនឹងការសន្យាក្នុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនា ឆ្នាំ ២០១៧ ដែលកើតចេញពីការយល់ច្បាស់ និង មើលឃើញពីការលំបាករបស់ ប្រជាជនទាំងអស់ក្នុងភូមិ ទើបក្រុមការងារគណៈពង្រឹងមូលដ្ឋានឃុំព្រែកតាមាក់ បានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ នេះឡើង។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងបំពេញតាមការសន្យា, តែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជន, តែងគិតគូរអភិវឌ្ឍមូលដ្ឋាន, កសាងជីវភាព របស់បងប្អូនប្រជាជននៅគ្រប់ទីកន្លែង, គ្រប់កាលៈទេសៈ ដោយមិនរើសអើង, មិនប្រកាន់ជំនឿសាសនា ដើម្បីធានាបាន នូវសុខដុមរម្យនាក្នុងសង្គមជាតិ។ គណបក្សប្រជាជនកម្ពុជា តែងមានជំហរច្បាស់លាស់ចំពោះការអភិវឌ្ឍមូលដ្ឋាន, ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ពិសេស បន្ដកែលម្អផ្លូវជនបទ ពីផ្លូវដីទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង, ធ្វើឱ្យប្រជាជនគ្រប់ មូលដ្ឋានមានអគ្គីសនីប្រើប្រាស់ដោយតម្លៃថោក, ខិតខំពង្រីកមុខរបរ និង ដោះស្រាយការងារជូនប្រជាជន, ការពារលើកស្ទួយសិទ្ធិ និង ផលប្រយោជន៍របស់កម្មករនិយោជិក។ គណបក្សប្រជាជនកម្ពុជា តែងធ្វើតាមការសន្យា ហើយតែងបាន ធ្វើច្រើនជាងសន្យាទៅទៀត ។

លោកបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា ស្ថានភាពឃុំព្រែកតាមាក់បច្ចុប្បន្ន មានការរីកចម្រើនខ្លាំង រួមទាំងផ្លូវក្នុងភូមិបឹងក្រចាប់ជើង និង ភូមិបឹងក្រចាប់ត្បូងនេះ។ បច្ចុប្បន្ននេះ បើមើលពីសមិទ្ធផលផ្លូវស្ពាន កម្ពុជាមាន ផ្លូវស្ពានតភ្ជាប់ខ្វាត់ខ្វែងទូទាំងផ្ទៃប្រទេស ហើយក៏កំពុងបន្ដពង្រីក និង កសាងផ្លូវជាតិ, ផ្លូវខេត្ដ, ផ្លូវបេតុង, ផ្លូវលំ ស្ពាន តភ្ជាប់ពីជនបទមកកាន់ទីក្រុង ឬទីប្រជុំជន និង តំបន់សក្ដានុពលសេដ្ឋកិច្ចនានាផងដែរ។ ក្រៅពីផ្លូវ ស្ពាន, ប្រព័ន្ធអប់រំ, សុខាភិបាល, គ្រឹះស្ថានហិរញ្ញវត្ថុ និង ធនាគារ មានការរីកលូតលាស់ខ្លាំងនៅទូទាំងប្រទេស ធ្វើឱ្យកម្ពុជាក្លាយជាប្រទេស មានលក្ខណៈអំណោយផលដល់ការដាក់ទុនវិនិយោគ, ធ្វើពាណិជ្ជកម្ម, ទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន ឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្រៅពីការរីកចម្រើនខាងផ្នែកអាណាចក្រ ផ្នែកពុទ្ធចក្រក៏ត្រូវបានអភិវឌ្ឍកាន់តែល្អប្រសើរ ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលជាច្រើននៅតាមបណ្តាវត្តអារាម និងទីសក្ការៈបូជានានា សំដៅរួមចំណែកគាំទ្រដល់ការប្រតិបត្តិក្នុងវិស័យសាសនាជូនប្រជាពលរដ្ឋ។ កត្ដាទាំងអស់នេះ បាននាំមកជូនប្រជាជនកម្ពុជាយើងនូវមុខរបរ, អាជីវកម្ម, ការងារ, ប្រាក់ចំណូល ដែលធ្វើឱ្យជីវភាពរបស់បងប្អូនប្រជាជនកាន់តែរីកចម្រើន។ ផលទាំងអស់នេះ កើតចេញពី “នយោបាយឈ្នះ-ឈ្នះ” ដែលបាននាំឱ្យកម្ពុជាមានសុខសន្ដិភាព, ស្ថិរភាពនយោបាយ, ស្ថិរភាពសេដ្ឋកិច្ច និង សន្ដិសុខសណ្ដាប់ធ្នាប់សង្គម ក្រោម ការដឹកនាំដ៏ឈ្លៀសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយ បន្ទាប់ពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយដឹកនាំឱ្យមានការអភិវឌ្ឍគ្រប់វិស័យ, នាំកម្ពុជាឈរដោយស្មើភាព ស្មើសិទ្ធិជាមួយបណ្ដាប្រទេសនានា នៅក្នុងពិភពលោកហើយក៏តែង បានយកចិត្ដទុកដាក់ជាប្រចាំអំពីសុខទុក្ខបងប្អូនប្រជាជននៅតាមមូលដ្ឋានភូមិ-ឃុំ ដើម្បីបន្ដរំដោះបងប្អូនប្រជាជនឱ្យរួច ចាកផុតពីភាពក្រីក្រទៀត ។

លោកបណ្ឌិតសភាចារ្យ បានលើកបន្ថែមថា ក្នុងគោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ដចាំបាច់នានា, គិតគូរអភិវឌ្ឍប្រព័ន្ធគាំពារសង្គម កម្ពុជាត្រូវបន្ដធានា ទី១-ចីរភាពនៃសន្ដិភាព, ស្ថិរភាពនយោបាយ, សន្ដិសុខ និង សណ្ដាប់ ធ្នាប់សង្គម ទី២-កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំ ទី៣- ការកាត់បន្ថយអត្រានៃភាព ក្រីក្របានលើស ១% ក្នុងមួយឆ្នាំ ទី៤-ការបង្កើនវិសាលភាព, ប្រសិទ្ធភាព និង គុណភាពនៃសេវាសាធារណៈ ។ នេះជា កិច្ចខិតខំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅ, ដោះស្រាយបញ្ហា និង ទុក្ខលំបាក នានារបស់បងប្អូនប្រជាជន, លើកកម្ពស់សេវាសាធារណៈ, សុខុមាលភាពរបស់ប្រជាជនយើងឱ្យកាន់តែល្អប្រសើរឡើង។

លោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតនៅឃុំព្រែកតាមាក់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដ សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា និង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាសុខសន្ដិភាព និង អភិវឌ្ឍភូមិឃុំយើងឱ្យរីកចម្រើនបន្ថែមទៀត។ គណបក្សប្រជាជនកម្ពុជាឈ្នះ សម្ដេចតេជោ ហ៊ុន សែន នៅតែជានាយករដ្ឋមន្រ្ដី ហើយការងារអភិវឌ្ឍ នៅទូទាំងប្រទេស នឹងបន្ដឈានទៅមុខកាន់តែលឿន, កាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត ដូចបានមើលឃើញជិត ៤០ឆ្នាំមកនេះ មានតែគណបក្សប្រជាជនតែប៉ុណ្ណោះដែលបាន និង បន្ដរស់នៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់ កាលៈទេសៈ អាចបន្ដថែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាព និង វឌ្ឍនភាព តរៀងទៅ៕