(កំពង់ចាម)៖ វត្តអារាម បានរួមចំណែកកសាងសង្គមជាតិយ៉ាងសន្ធឹកសន្ធាប់ ពិសេសជួយផ្នែកបញ្ញាញាណ និងការអប់រំផ្លូវចិត្ត ដល់ពុទ្ធសាសនិកនៅទូទាំងប្រទេសកម្ពុជា, នេះជាការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបុណ្យផ្កាប្រាក់ និងបើកបវេសនកាល នៅពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម ក្នុងបរិវេណវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពសម្តេចព្រះ វនរ័តកិតិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឍរាជរងទី៣។
លោក គួច ចំរើន បានថ្លែងថា នៅក្នុងខេត្តកំពង់ចាម វិស័យព្រះពុទ្ធសាសនា បានដើរតួយ៉ាងសំខាន់ ក្នុងអប់រំផ្លូវចិត្ត ដល់ពុទ្ធសាសនិក ក្នុងការគោរព ប្រតិបត្តិធម៌វិន័យ ក៏ដូចជាការរួមចំណែកក្នុងការគោរពច្បាប់សង្គមជាតិ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
លោកអភិបាលខេត្ត បានបន្ដថា ក្នុងខេត្តមិនត្រឹមតែមានការរីកលូតលាស់ នៃផ្នែកពុទ្ធិកប៉ុណ្ណោះទេ ចំណែកទីអារាមក៏បានជាទីជំរកដល់ព្រះសង្ឃ ឲ្យបានសិក្សារៀនសូត្រ នៃផ្នែកចំណេះដឹងជាច្រើន និងជាទីកន្លែងសម្រាប់ពុទ្ធសាសនិក បានមកសមាទានសិល និងប្រយោជន៍ជាច្រើនទៀត ដូចជាការធ្វើពិធីផ្សេងៗផងដែរ។
ជាមួយគ្នានោះដែរ លោក គួច ចំរើន ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕