(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍ដែលបានចុះឈ្មោះចូលរួមតាមដានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខដ៏ខ្លីនេះ បានមើលឃើញថា ការបោះឆ្នោតនេះនៅរក្សាបានភាពត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញ និងមានភាពល្អប្រសើរ បើទោះបីមិនមានវត្តមានរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយព្រោះតែការប្រព្រឹត្តទង្វើក្បត់ជាតិក៏ដោយនោះ។
សមាគមគ្រឹះស្ថានឧត្តមសិក្សា គឺជាសមាគមមួយ ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៦នេះ ដោយបានដាក់សមាជិក ២,៥៩៥នាក់ នៅគ្រប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសចំនួន ២២,៩៦៧ការិយាល័យ។ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមអ្នកសង្កេតការណ៍ទាំងជាង ២ពាន់នាក់មកពីតាមគ្រឹះស្ថានអប់រំនានា បានជួបជុំគ្នាប្តេជ្ញាចិត្តចូលរួមបំពេញការងារ សង្កេតការណ៍ការបោះឆ្នោតនាពេលខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងអព្យាក្រឹត្យ។
លោក ហេង វណ្ណដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានថ្លែងថា ការចូលរួមសង្កេតការណ៍ការបោះឆ្នោតរបស់សមាគមន៍ ដើម្បីចូលរួមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា, ដើម្បីរក្សាបានសន្តិភាព ស្ថិរភាពសង្គម សន្តិសុខ នយោបាយ ក្រោមម្លប់សន្តិភាព នៃរបបលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ និងដើម្បីតាមឃ្លាំមើលដំណើរការបោះឆ្នោត ដែលមានដូចជាការចុះឈ្មោះ, ការផ្សព្វផ្សាយ, ការរាប់សន្លឹតឆ្នោត, ការប្រកាសលទ្ធផល រួមទាំងបរិស្ថាននយោបាយ មុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ មិនតែប៉ុណ្ណោះ ក៏តាមឃ្លាំមើលភាពអព្យាក្រិត នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ មានគណបក្សនយោបាយរហូតដល់ទៅ២០ ចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត ដែលចំនួនគណបក្សនយោបាយនេះ មានចំនួនច្រើនជាងការបោះឆ្នោត៥អាណត្តិកន្លងទៅ។ តែទោះបីជាយ៉ាងណាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦នេះ នៅតែមានទស្សនៈខុសគ្នាពីសំណាក់ប្រជាពលរដ្ឋ។
ក្រុមអ្នកដែលមានសមានចិត្តចំពោះអតីតគណបក្សសង្គ្រោះជាតិ នៅតែអះអាងថា ការបោះឆ្នោតនេះមិនអាចទទួលយកបាន ព្រោះតែមិន មានអតីតគណបក្សជាតិ ប៉ុន្តែសម្រាប់មនុស្សច្រើនលើសលុប ដែលមិនគាំទ្រអតីតគណបក្សសង្គ្រោះជាតិនោះ នៅតែមើលឃើញថា ការបោះឆ្នោតនេះ នៅតែមានភាពល្អប្រសើរ ត្រឹមត្រូវទៅតាមរដ្ឋធម្មនុញ្ញ ជាពិសេសរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកមព្ពុជាង។
លោក ហេង វណ្ណដា បានមើលឃើញថា ដំណើរការនៃការបោះឆ្នោតនាពេលបច្ចុប្បន្ននេះ មានភាពល្អប្រសើរច្រើនជាងអាណត្តិកន្លងទៅ ព្រោះមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយច្រើនជាងអាណត្តិកន្លងទៅស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
«បើធៀបនឹងការបោះឆ្នោតឃុំ-សង្កាត់ ដែលយើងធ្វើកន្លងមក ខ្ញុំគិតថាបច្ចុប្បន្នល្អជាង ពីព្រោះស្ងប់ស្ងាត់ឈឹង ហើយប្រជាពលរដ្ឋរកស៊ីជាធម្មតា។ មានន័យថាសន្តិភាពល្អ ស្ថេរភាពល្អ» លោក ហេង វណ្ណដា បញ្ជាក់បន្ថែម។
ដំណើរការប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ត្រូវបានរកមកដោយលំបាករបស់ឥស្សរជននយោបាយជាន់ខ្ពស់របស់ខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដោយមានការជ្រោមជ្រែងពីបរទេសរហូតរៀបចំឲ្យមានការបោះឆ្នោតនៅឆ្នាំ១៩៩៣។ ចាប់តាំងពីឆ្នាំ១៩៩៣មក ការបោះឆ្នោតត្រូវបានធ្វើឡើងយ៉ាងខ្ជាប់ខ្ជួន ហើយត្រូវបានកែលម្អឲ្យមានភាពល្អប្រសើរជាបន្តបន្ទាប់។
ក្រុមអ្នកនយោបាយដែលកាត់សិទ្ធិមិនឲ្យធ្វើនយោបាយកំពុងធ្វើយុទ្ធនាការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតនាពេលខាងមុខ។ យុទ្ធនាការរបស់ពួកគេត្រូវបានគេមើលឃើញថា កំពុងបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដែលគេកំពុងលើកស្ទួយ។
លោក ហេង វណ្ណដា បានលើកឡើងដូច្នេះ «តាមពិតលទ្ធិប្រជាធិបតេយ្យគេឃោសនាឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ប៉ុន្តែបើប្រកាសមិនឲ្យពលរដ្ឋទៅបោះឆ្នោតនោះជាអ្នកសម្លាប់ប្រជាធិបតេយ្យទៅវិញ»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងឈានចូលមកដល់២៨ថ្ងៃខាងមុទៀតនេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ហើយក្នុងនោះអ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួនជាង ៨.៣លាននាក់៕